ម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងផលិតកម្ម ហង្សមាស ឧកញ៉ា អុឹង ឆៃងួន ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៦៦។
ព្រះរាជក្រឹត្យផ្តល់គោរមងារអ្នកឧកញ៉ាជូនឧកញ៉ា អុឹង ឆៃងួន ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ឧកញ៉ា អុឹង ឆៃងួន ជាម្ចាស់ផលិតកម្ម និងទូរទស្សន៍ ហង្សមាស គ្រុប ជាអតីតប្រធានសមាគមសិល្បៈចម្រៀង និងភាពយន្ត ជាបងបង្កើតលោក អុឹង សុខលី អ្នកគ្រប់គ្រងផ្នែកផលិតកម្មនៃស្ថានីយ៍ទូរទស្សន៍ ហង្សមាស និងជាបងថ្លៃតារាចម្រៀង ឱក សុគន្ធកញ្ញា ។
ផ្តើមចេញពីការជួលកាសែតវីដេអូមួយកេះតូចដឹកនាំតាមកង់ក្នុងអំឡុងទស្សរ៍ ៨០ ដោយមានការយកចិត្តទុកដាក់ អត់ធ្មត់ តស៊ូព្យាយាមទាំងយប់ទាំងថ្ងៃ ទីបំផុតនៅដើមឆ្នាំ១៩៩០ លោក អ៊ឹង ឆៃងួន បានបង្កើតក្រុមហ៊ុន ហង្សមាសវីដេអូ ជាក្រុមហ៊ុនដំបូងគេដោយបានទទួលសិទ្ធិចែកចាយផ្តាច់មុខនៅរឿងភាគមកពីទីក្រុងហុងកុង និងប្រទេសសឹង្ហបុរី។ ឈ្មោះ ហង្សមាស នៅជំនាន់នោះត្រូវបានគេទទួលស្គាល់នៅទូទាំងប្រទេសទៅលើគុណភាព ត្រជាក់ភ្នែក និងសម្លេងច្បាស់ល្អ។
នៅឆ្នាំ១៩៩៤ ឧកញ៉ា ឆៃងួន បោះទុនវិនិយោគលើផលិតកម្ម រស្មីហង្សមាស ដំបូងគេបង្អស់ដែលផលិតបទចម្រៀងខារ៉ាអូខេខ្មែរជាច្រើនពាន់បទ ខណៈមកដល់ពេលបច្ចុប្បន្នមានអ្នកគាំទ្រ និងទស្សនាវីដេអូចម្រៀងរាប់លាននាក់ផងដែរ។ មិនតែប៉ុណ្ណោះ ផលិតកម្ម រស្មីហង្សមាស ក៏មានតារាចម្រៀងដំបូងគេដែលមានកំពូលតារាចម្រៀងចុះកុងត្រាប្រចាំផលិតកម្ម។
នៅឆ្នាំ២០០៩ លោក ឆៃងួន ក៏បានសម្រេចចិត្តបង្កើតស្ថានីយវិទ្យុហង្សមាស FM (១០៤.៥ មេកាហឺត) ដែលធ្វើការផ្សាយចម្រៀងដែលផលិតផ្តាច់មុខ ដោយក្រុមហ៊ុនដើមរបស់ខ្លួន។ ជំហានបន្ទាប់ លោកក៏សម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយវិទ្យុរស្មីហង្សមាស FM (៩៥.៧ មេកាហឺត) ដើម្បីតម្រូវចិត្តអតិថិជនដែលនិយមស្តាប់បទចម្រៀងរបស់ផលិតកម្ម រស្មីហង្សមាស។
បន្ទាប់ពីជោគជ័យក្នុងវិស័យចម្រៀង ឧកញ៉ា អុឹង ឆៃងួន នៅតែបន្តវិនិយោគទៅលើស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV នៅក្នុងឆ្នាំ២០១២ ដែលផ្តោតការផ្សាយជាចម្បងទៅលើការកម្សាន្ត។ ដោយទទួលបានការគាំទ្រខ្លាំងត្រឹមរយៈពេលដ៏ខ្លី ក្រុមហ៊ុន ហង្សមាស បន្តបើកស្ថានីយ៍ថ្មីមួយទៀត គឺប៉ុស្តិ៍ទូរទស្សន៍រស្មីហង្សមាស HDTV ក្នុងឆ្នាំ២០១៤។
ជាមួយគ្នានេះ ក្រុមហ៊ុន ហង្សមាស ក៏បានចាប់ផ្តើមបង្កើតនូវការផលិតទៅលើភាពយន្តជាប្រភេទរឿងភាគបន្ថែមទៀតផងដែរ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះនៃក្រុមហ៊ុនមួយនេះកាន់តែមានភាពល្បីល្បាញទ្វេដង៕