ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ទី ពិសិដ្ឋ ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧកញ៉ា ទី ពិសិដ្ឋ កើតនៅឆ្នាំ១៩៥៧ នៅស្រុកស្អាង ខេត្តកណ្តាល។ លោកឧកញ៉ា ជាអគ្គនាយក និងជាប្រធានប្រតិបត្តិក្រុមហ៊ុន ឈុន ហុង គ្រុប ដែលជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មានបុត្រសម្ព័ន្ធពហុវិស័យដូចជា ក្រុមហ៊ុន អាហ័រណនីហ័រណ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនកសិកម្មដំណាំកៅស៊ូ ក្រុមហ៊ុនជ្រើសរើសពលករទៅបម្រើការងារនៅក្រៅប្រទេស និងសួនឧស្សាហកម្ម។ លោកឧកញ៉ា ក៏មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជាផងដែរ។

កន្លងមក អ្នកឧកញ៉ា ទី ពិសិដ្ឋ បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា៕
