អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញអមដំណើរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មហាវិថីសំរោង» នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះមានប្រវែងសរុបប្រមាណ៥,២គីឡូម៉ែត្រ និងទទឹង ៣០ម៉ែត្រ ត្រូវបានស្ថាបនារួចរាល់នៅជាប់នឹងបុរីភូមិសំរោង នៃខណ្ឌព្រែកព្នៅ ស្ថិតក្នុងភាគខាងជើងរាជធានីភ្នំពេញ។ ផ្លូវមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេ៥ ទៅដល់ផ្លូវលេខ ១៣០ អមដោយប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ និងការលម្អផ្សេងៗរួមជាមួយនឹងអត្ថប្រយោជន៍នៃការធ្វើដំណើរជាច្រើន។
បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នូវមហាវិថីសំរោងរួច ផ្លូវនេះនឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំង នូវប្រសិទ្ធភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋនៅតំបន់ភាគខាងជើង អាចធ្វើដំណើរទៅកាន់តំបន់សំខាន់ៗនៃរាជធានីភ្នំពេញបានយ៉ាងលឿន។ ស្របពេលជាមួយគ្នា មហាវិថីសំរោង បានតភ្ជាប់ផ្លូវជាតិលេខ៥ និង ផ្លូវក្រវាត់ក្រុងទី៣ ដោយអាចធ្វើដំណើរទៅផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប (គ្រោងនឹងសាងសង់) ផ្លូវជាតិលេខ 6A ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ១ និងផ្លូវជាតិសំខាន់ៗផ្សេងទៀតបានយ៉ាងលឿនផងដែរ។

គួរបញ្ជាក់ថា មហាវិថីសំរោង ជាគម្រោងសាងសង់ឡើងដោយក្រុមហ៊ុន ព្រីន ហ័នយូ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប ដែលជាបុត្រសម្ព័ន្ធមួយ នៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ មហាវិថីសំរោង នៅជាប់នឹងគម្រោងបុរីភូមិសំរោង ដែលមានផ្ទៃដីប្រមាណជាង ៣០០ហិកតា របស់ក្រុមហ៊ុន ព្រីន ហ័នយូ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានរៀបចំឱ្យមាននូវបឹងទេសភាព មន្ទីរពេទ្យអន្តរជាតិ សាលារៀនអន្តរជាតិ សួនកីឡា មជ្ឈមណ្ឌលទិញទំនិញ ផ្សារទំនើបលក្ខណៈបោះដុំ ផ្លូវពាណិជ្ជកម្មទាន់សម័យ គម្រោងផ្ទះអាជីកម្ម និងផ្ទះវីឡាគ្រប់ប្រភេទ៕






