ឧកញ៉ា កុក អាន ស្ថាបនិកក្លិបបាល់ទាត់ភ្នំពេញក្រោន ទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ ឧកញ៉ា កុក អាន ស្ថាបនិក​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន និង​ជា​អនុប្រធាន​សមាគមឧកញ៉ាកម្ពុជា​​​ ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា កុក អាន ​កើតឆ្នាំ១៩៥៤ នៅស្រុកស្រែអំបិល ខេត្តកោះកុង។ លោកឧកញ៉ា​ បានប្រឡូកក្នុងវិស័យជំនួញ តាំងពីទសវត្សឆ្នាំ១៩៨០ ដោយចាប់ផ្តើមមុខជំនួញ ការដោះដូរទំនិញឆ្លង​កាត់​ព្រំដែន។

លោក​ឧកញ៉ា ជាស្ថាបនិកក្រុមហ៊ុន អានកូ គ្រុប (Anco Group) ដែលជាក្រុមហ៊ុន​​ដ៏​ធំមួយ​នៅ​កម្ពុជា មាន​បុត្រសម្ព័ន្ធ​ពហុ​វិស័យ​ដូចជា ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គីសនី ទឹកស្អាត សេវាកម្មធនាគារ និង​ប្រព័ន្ធ​ទូទាត់ប្រាក់ សណ្ឋាគារ កាស៊ីណូ តំបន់កម្សាន្ត និង​ក្រុមហ៊ុន​អាហ័ណ នីហរ័ណ ព្រម​ទាំង​រោងចក្រ​ផលិត​ការ៉េម និង​ទឹកសុទ្ធ។ ក្រៅ​ពី​អាជីព​ជា​អ្នក​ជំនួញ និង​វិនិយោគ លោក​ឧកញ៉ា​ក៏​ជា​​អ្នកគាំទ្រ​វិស័យ​កីឡា​ផង​ដែរ ជាពិសេស​កីឡាបាល់ទាត់។ លោក​​ឧកញ៉ា ជា​ស្ថាបនិក​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ២០០១ បន្ទាប់ពី​សហព័ន្ធ​បាល់ទាត់​កម្ពុជា បាន​រៀបចំ​លីគ​កំពូល​​ឡើង​វិញ។

ក្រៅពី​កិច្ចការ​ជំនួញ និង​ការ​វិនិយោគ អ្នក​​ឧកញ៉ា ក៏​បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និង​សកម្មភាពមនុស្សធម៌ តាមរយៈ​ការ​បរិច្ចាគ​ទ្រព្យធន​ជា​ច្រើន ព្រម​ទាំង​កម្លាំង​កាយចិត្ត​ ប្រាជ្ញាស្មារតី និង​ពេលវេលា។ អ្នកឧកញ៉ា ត្រូវ​បាន​ទទួល​ស្គាល់​ និង​ផ្តល់​តម្លៃ​តាម​រយៈ​គ្រឿង​ឥស្សរិយយស​ជា​ច្រើន​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ​រួម​ទាំង​គ្រឿង​ឥស្សរិយយស​ថ្នាក់កំពូល​ «ជាតូបការ» ពី​ព្រះមហាក្សត្រ​ផង​ដែរ។

គួរ​បញ្ជាក់​ថា មហាសេដ្ឋី កុក អាន ដែល​ជាអ្នកជំនួញ​​ពហុវិស័យ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ពិភពជំនួញ​នៅ​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​ បានទទួលគោរមងារ «ឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យលេខ ០១៩៥/០៤ នៅថ្ងៃទី​២១ ខែមករា ឆ្នាំ១៩៩៥៕​​