លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាប្រធានសភាមុខរបរ និង មីក្រូសហគ្រាស-កម្ពុជា (CPMEC) យល់ឃើញថា ក្នុងយុគសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មធន់តូច និងមធ្យម (SME) ទាំងអស់ ត្រូវតែចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យអាជីវកម្មរបស់ខ្លួនកាន់តែរីកចម្រើនលឿនរហ័ស។
ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនផលិតនំស្រួយលីលី រូបនេះ បានមានប្រសាសន៍ កាលពីពេលថ្មីៗកន្លងទៅនេះថា បច្ចុប្បន្នជាយុគសម័យបច្ចេកវិទ្យាហើយ ដូច្នេះរាល់អាជីវកម្មទាំងអស់ បើសិនជាយើងប្រកបអាជីវកម្ម មិនមានការប្រើប្រាស់បច្ចេកវិទ្យា យើងសង្កេតឃើញថានឹងមានផលប៉ះពាល់ច្រើន ជាពិសេសក្នុងអំឡុងពេលជំងឺកូវីដ-១៩ កើតឡើង ឃើញថាអាជីវកម្មដែលមិនបានប្រើប្រាស់បច្ចេកវិទ្យា គឺទទួលផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងមែនទែន។ បើអាជីវកម្ម ដែលមានការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងការលក់ដូរ នោះផលប៉ះពាល់នៅមានការទប់ទល់ស្ថានភាពបាន។
លោកស្រីឧកញ៉ា បានបន្ថែមដូច្នេះថា៖ “សម្រាប់អាជីវកម្មដែលប្រើប្រាស់បច្ចេកវិទ្យាផង ការលក់ផ្សព្វផ្សាយទំនិញតាមអនឡាញទៀត ឃើញថាក្នុងស្ថានភាពកូវីដ-១៩ ប៉ុន្មានឆ្នាំកន្លងមកនេះ មានការរីកចម្រើនលឿនមែនទែនតែម្តង។ ដូច្នេះយុគសម័យនេះ ជាយុគសម័យដែលត្រូវប្រើប្រាស់បច្ចេកវិទ្យា ធ្វើអ្វីក៏ដោយបើយើងមិនមានប្រើប្រាស់បច្ចេកវិទ្យា នឹងមិនអាចជួយយើងឱ្យមានការរីកចម្រើន ទោះបីការទំនាក់ទំនងគ្នាទៅវិញទៅមក ក៏ត្រូវការប្រើប្រាស់បច្ចេកវិទ្យា រីឯការលក់ដូរ ទោះបីផលិតផលយើងនៅស្រុកខ្មែរមែន បើសិនយើងអាចប្រើបច្ចេកវិទ្យា លក់ផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានផ្សេងៗ ក៏គេអាចចាប់អារម្មណ៍ទូទាំងពិភពលោក”។
ឧកញ៉ា កែវ មុំ បានគូសបញ្ជាក់ទៀតថា ជាក់ស្តែង ដូចប្រទេសចិន ដែលប្រើប្រាស់ App ផ្សេងៗក្នុងការលក់ទំនិញ នៅលើអនឡាញ គឺមិនមែនលក់ត្រឹមក្នុងប្រទេសចិននោះទេ គឺប្រទេសផ្សេងៗនៅលើពិភពលោក បានធ្វើការបញ្ជារទិញច្រើនផងដែរ រួមទាំងកម្ពុជា។ ពាក់ព័ន្ធនឹងការដឹកជញ្ជូនកញ្ចប់តូចៗ មកពីក្រៅប្រទេស គឺតម្លៃធូរថ្លៃមែនទែន ដែលធ្វើឱ្យការនាំចូលទំនិញមកកម្ពុជាកាន់តែច្រើន។ ដូច្នេះអាជីវកម្ម SME ជាឱកាសដែលយើងត្រូវចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យអាជីវកម្មរីកចម្រើនកាន់តែលឿន៕