ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា លី ប៉ោយូ អគ្គនាយកកាស៊ីណូពិភពថ្មី នៅក្រុងបាវិត ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន។

ឧកញ៉ា លី ប៉ោយូ កើតក្នុងឆ្នាំ១៩៤៧ នៅខេត្តពោធិ៍សាត់ ជាអ្នកជំនួញចាស់វស្សាមួយរូបនៅខេត្តស្វាយរៀង ដែលបានទទួលសិទ្ធិវិនិយោគចំណតរថយន្ត ក្រុងបាវិត រយៈពេល ៣០ឆ្នាំ។ លោកឧកញ៉ា ជាអគ្គនាយកកាស៊ីណូពិភពថ្មី, ប្រធានប្រតិបត្តិក្រុមហ៊ុន Lee International Group Co., Ltd និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។

ជានិច្ចកាល អ្នកឧកញ៉ា លី ប៉ោយូ តែងតែចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយដល់សង្គមជាតិ ដូចជាលោកបានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៣ ខណៈដែលកាលឆ្នាំ២០២២ អ្នកឧកញ៉ា ក៏បានបរិច្ចាគថវិកាចំនួន២០,០០០ដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ព្រមទាំងការបរិច្ចាគថវិកាជួយកិច្ចការសប្បុរសធម៌ជាច្រើនទៀត។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ពីព្រះមហាក្សត្រផងដែរ៕


