ឧកញ៉ា ជៀម ផែន ថៅកែស្រាបៀរលីអូ ទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ ឧកញ៉ា ជៀម ផែន ស្ថាបនិក​ក្រុមហ៊ុន ស៊ីភី&អេ ត្រេឌីង អ៊ីនធើណេ​សិនណល ( CP & A Trading International Co., Ltd)​ ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​​សម្តេចតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ជៀម ផែន កើតឆ្នាំ១៩៦០ នៅ​ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ជា​ស្ថាបនិក​ក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ​នូវ​ផលិត​ផលមួយ​ចំនួន​ ​​ក្នុងនោះ​រួម​មាន​ទាំង​ស្រាបៀរ​​លីអូ (LEO Beer) របស់​ថៃ និង​ស្រា​ជីនរ៉ូ (Jinro) របស់​កូរ៉េ ផងដែរ។ ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ជាក្រុមហ៊ុននាំមុខគេមួយ​ក្នុង​ប្រទេសកម្ពុជា មានបទពិសោធន៍​ជាង ៣៥ឆ្នាំ ក្នុងការនាំចូល និងចែកចាយនូវភេសជ្ជៈ ទឹកផ្លែឈើ ស្រាបៀ និង​សម្ភារៈ​ប្រើប្រាស់​ច្រើន​ប្រភេទ​ក្នុង​ទីផ្សារ​កម្ពុជា។ លើស​ពី​នេះ លោកឧកញ៉ា ក៏​បាន​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត ដូចជា​សណ្ឋាគារ និង​សេវាកម្សាន្ត​ផង​ដែរ។

លោក​ឧកញ៉ា ជៀម ផែន ​​សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា បាន​បង្កើត​​ក្រុមហ៊ុន​ ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ និង​មាន​ទីស្នាក់​ការ​កណ្តាល​នៅ​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ។ ដើម្បី​ឱ្យក្រុមហ៊ុន មាន​ដំណើរ​ការ​ល្អ ​​លោកឧកញ៉ា ជៀម ផែន ក៏​មាន​បងប្អូន​របស់​លោក​​២​រូប​ទៀត ជួយ​​គ្រប់គ្រង​ដឹកនាំ​ក្រុមហ៊ុន​ផង​ដែរ ​គឺ លោក ជៀម ហេង និង​លោក ជៀម ស៊្រុន ដែល​មានតួនាទី​ជា​អគ្គនាយក​ក្រុមហ៊ុន។

អ្នកឧកញ៉ា ជៀម ផែន តែងតែ​ចូលរួមយ៉ាងសកម្ម​នៅ​ក្នុង​សកម្មភាព​សង្គម និង​សកម្មភាព​មនុស្សធម៌ តាម​រយៈ​ការ​បរិច្ចាគ​ទ្រព្យ​ធន​ជា​ច្រើន ព្រម​ទាំង​កម្លាំង​កាយ​ចិត្ត ប្រាជ្ញាស្មារតី និង​ពេលវេលា។ អ្នកឧកញ៉ា ត្រូវ​បាន​ទទួល​ស្គាល់ និង​ផ្តល់​​តម្លៃ​តាម​រយៈ​គ្រឿង​ឥស្សរិយយស​ជា​ច្រើន ពី​សំណាក់​រាជរដ្ឋាភិបាលកម្ពុជា៕