គោរមងារ«ឧកញ៉ា និងអ្នកឧកញ៉ា» ត្រូវបានព្រះមហាក្សត្រ ផ្តល់ជូនដល់អ្នកជំនួញ សប្បុរសជនដើម្បីលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រពលរដ្ឋខ្មែរដែលមានគុណបំណាច់ផ្ទាល់ខ្លួនចូលរួមអភិវឌ្ឍនិងកសាងជាតិ តាមសំណើររបស់នាយករដ្ឋមន្រ្តី។
គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៣នេះ អង្គព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា និងអ្នកឧកញ៉ា ប្រមាណជាង ១,៣០០នាក់ហើយ។ ជាការកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ គោរមងារឧកញ៉ាអ្នកឧកញ៉ា ក៏ត្រូវបានផ្តល់ជូនអ្នកជំនួញ សប្បុរសជនជាច្រើនជាបន្តបន្ទាប់មានទាំងវ័យក្មេង វ័យកណ្តាល និងវ័យចំណាស់ទៅតាមកម្រិតលុយដែលបានផ្តល់វិភាគទានជូនរដ្ឋាភិបាលដើម្បីចូលរួមអភិវឌ្ឍជាតិ។
សម្រាប់ខែសីហានេះវិញ ដែលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះឈាននឹងចូលខែថ្មីទៅហើយ ប៉ុន្តែព្រះរាជក្រឹត្យផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ាធ្លាក់មកជាបន្តបន្ទាប់ដែលជាចំនួនដល់ច្រើនមិនធ្លាប់មាន។
បើតាមព្រះរាជក្រឹត្យដែលគេហទំព័រសារព័ត៌មានឧកញ៉ាញូស៍ ទទួលបានមានសប្បុរសជន និងអ្នកជំនួញដែលផ្តល់វិភាគទានថវិកា ទ្រព្យធនធានចូលរដ្ឋហើយត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្នើសុំព្រះមហាក្សត្រផ្តល់គោរមងារ «ឧកញ៉ា និងអ្នកឧកញ៉ា» មានប្រមាណ ៤០រូបទៅហើយ។
ក្នុងនោះជាការកត់សម្គាល់បន្ថែមទៀតនោះ ឃើញថាមានសប្បុរសជន និងអ្នកជំនួញទទួលបានគោរមងារអ្នកឧកញ៉ាភាគច្រើន ខណៈមានចំនួនច្រើនជាអ្នកជំនួញចាស់ៗឈរជើងរាប់សិបឆ្នាំមកហើយក្នុងពិភពជំនួញប្រទេសកម្ពុជា។
ជុំវិញរឿងនេះ អ្នកជំនាញយល់ឃើញថា ការកើនឡើងចំនួនឧកញ៉ា និងអ្នកឧកញ៉ានាពេលបច្ចុប្បន្ននេះ អាចជារឿងល្អផង និងអាចមិនល្អផង។
លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ចំណុចល្អ យើងដឹងហើយថា អ្នកឧកញ៉ា ឧកញ៉ា ដែលទទួលបានងារ គឺទី១ ពួកគាត់បានរួមចំណែកជួយស្ថាបនាជាតិតាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួន។ ទី២ បង្ហាញថាអ្នកមាននៅស្រុកខ្មែរយើង មានចំនួនច្រើន ព្រោះលុយដែលបានបរិច្ចាគសម្រាប់ងារជាឧកញ៉ា ឬអ្នកឧកញ៉ា មិនមែនតិចនោះទេ។ ចំណុចមួយទៀត អ្នកខ្លះមានដែរ ប៉ុន្តែពួកគេមិនយកងារនេះទេ ដែលនេះបង្ហាញថា អ្នកមានដែលព្រមបរិច្ចាគ មានន័យថា ពួកគាត់មានសទ្ធា ចង់រួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍជាតិ»។
លោកបណ្ឌិតបន្តថា ដូច្នេះផ្នែកវិជ្ជមាន យើងអាចទាញបានច្រើន ព្រោះជាធម្មតា កាលណាបានងារជាឧកញ៉ាហើយ ក្រៅតែពីការបរិច្ចាគថវិកា ដើម្បីបានងារហើយ ក៏នៅមានការឧបត្ថម្ភជាបន្តបន្ទាប់ទៀត នៅពេលដែលមានការអំពាវនាវពីរាជរដ្ឋាភិបាល។ នេះមានន័យថា អ្នកឧកញ៉ា ឧកញ៉ា សុទ្ធតែជាអ្នកព្រមបរិច្ចាគ ព្រមលះបង់នូវធនធាន និងប្រាក់ចំណេញផ្ទាល់ខ្លួន ជួយដល់សង្គមជាតិ។
ផ្ទុយទៅវិញ លោកបណ្ឌិតយល់ថា ចំណុចអាចជារឿងមិនល្អគឺ ធម្មតាកាលណាចំនួនកាន់តែច្រើន ទាមទារឱ្យមានការគ្រប់គ្រងមួយច្បាស់លាស់។ បើគ្រប់គ្រងមិនច្បាស់លាស់ទេ អាចមានបុគ្គលខ្លះយកងារឧកញ៉ាទៅប្រើប្រាស់ផ្តេសផ្តាស អាចខូចកេរ្តិ៍ឈ្មោះដល់ឧកញ៉ាដទៃទៀត ហើយវាជះឥទ្ធិពលទៀត កាលណាពួកគាត់យកងារឧកញ៉ាទៅប្រើនៅកន្លែងណា ដែលធ្វើអ្វីមួយមិនល្អ។ ឧទាហរណ៍ ទាក់ទងការរំលោភដីធ្លី ព្រៃឈើ ឬការប្រព្រឹត្តរឿងផ្ទាល់ខ្លួនដូចជា រឿងស្រី ឬរឿងហិង្សាក្នុងគ្រួសារ ក៏ជះឥទ្ធិពលមកដល់ក្រុមឧកញ៉ាទាំងអស់ដែរ។ បើគ្មានច្បាប់គ្រប់គ្រងឧកញ៉ាទេ ឧកញ៉ាមួយចំនួនតូច អាចនឹងនាំឱ្យខូចឈ្មោះដល់ឧកញ៉ាល្អៗជាច្រើនទៀត។ ឧកញ៉ានៅស្រុកខ្មែរបច្ចុប្បន្នមានចំនួនច្រើន ប៉ុន្តែបើមានឧកញ៉ាពីរបីនាក់ធ្វើឱ្យខូចឈ្មោះឧកញ៉ាទាំងអស់ វាជារឿងដែលយើងមិនគួរឱ្យកើតមានទេ។
សូមជម្រាបជូនថា ព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា ដែលមាន១០ជំពូក ២៥មាត្រា និងមានចំនួន១២ទំព័រ ដែលមានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ព្រមទាំងកំណត់អំពីឯកសណ្ឋាន សញ្ញាស័ក្តិ សញ្ញាសម្គាល់ និងបន្តោងខ្សែក ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរទំនៀមទម្លាប់ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ត្រូវបានព្រះមហាក្សត្រ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣៕