លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត ដែលត្រូវជាឪពុករបស់លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បានទទួលការតែងតាំងជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា បានឡើងទៅកាន់តួនាទីជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំនួសតំណែងលោកសាស្រ្តាចារ្យបណ្ឌិត ម៉ម ប៊ុនហេង បន្ទាប់ពីលោកត្រូវបានទទួលស្គាល់ថា មានសមត្ថភាពក្នុងការគ្រប់គ្រង និងរៀបចំសណ្តាប់ធ្នាប់ ផ្តល់សេវាព្យាបាលជូនប្រជាជនកន្លងមក នៅមន្ទីរពេទ្យកាល់ម៉ែត។ លោក ឈាង រ៉ា បានទទួលងារជាសាស្ត្រាចារ្យមហាបរិញ្ញា ដែលជាឋានៈខ្ពស់បំផុតក្នុងឋានៈគ្រូបង្រៀន និងស្រាវជ្រាវ ក្នុងផ្នែកវិទ្យាសាស្ត្រសង្គម។ ចំពោះតួនាទីក្នុងបក្សវិញ លោកជាអនុប្រធានទី៣ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយពីឪពុករបស់ខ្លួនទទួលបានតួនាទីជាថ្នាក់ដឹកនាំមួយរូប ក្នុងជួររាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បានបង្ហោះរូបភាពនិងសារជូនពរ នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ “សូមអបអរសារទរ លោកប៉ា ក្នុងឱកាសដែលបានទទួលតួនាទីថ្មី ជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល”។
សូមជម្រាបថា ឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាកូនប្រុសរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា គឺជាស្ថាបនិកនិងជាអគ្គនាយក ក្រុមហ៊ុន អ ធី អិន ខេ អ៊ិនវេសម៉ិន ឯ.ក (RTNK Investment Co., Ltd) ដែលបានបង្កើតឡើងនៅឆ្នាំ២០២២។ បច្ចុប្បន្នលោកឧកញ៉ា ឈាង សុវណ្ណរតនៈ មានអាជីវកម្មសំខាន់ៗដូចជា ស្ថានីយប្រេងឥន្ទនៈ PTT Station, ហាងកាហ្វេ Amazon, ម៉ាតលក់ទំនិញ 7 Eleven, ហាងកាហ្វេ Brew Coffee, ភោជនីយដ្ឋាន Brew Park, ហាង Brew Meaball និងក្លិបកីឡា Platinum Sports Club ផងដែរ៕


