ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ទីវ ម៉េងហ៊ុយ ម្ចាស់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ ពីរកន្លែងនៅខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន។
លោកឧកញ៉ា ទីវ ម៉េងហ៊ុយ សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា កើតនៅឆ្នាំ១៩៦០ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកឧកញ៉ា បានធ្វើការវិនិយោគ និងគ្រប់គ្រងលើក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ធំៗចំនួនពីរ គឺក្រុមហ៊ុន K.T Cement Kampongspeu Co., Ltd និងក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីធីត (Battambang Conch Cement Co., Ltd) ដែលបច្ចុប្បន្នលោកឧកញ៉ា គឺជាអភិបាលក្រុមហ៊ុន។ លោក ទីវ ម៉េងហ៊ុយ បានទទួលគោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣។
អ្នកឧកញ៉ា ទីវ ម៉េងហ៊ុយ តែងតែចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈគ្រឿងឥស្សរិយយសជាច្រើន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ពីព្រះមហាក្សត្រផងដែរ៕