ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាម្ចាស់ចំការកៅស៊ូបឹងកេត ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន។

លោកឧកញ៉ា ហេង ឡុង អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា កើតនៅឆ្នាំ១៩៥៥ ក្នុងឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង។ លោកឧកញ៉ា ជាវិនិយោគិនខ្មែរដ៏លេចធ្លោរម្នាក់ក្នុងវិស័យកសិកម្មនៅកម្ពុជា ដែលលោកជាម្ចាស់ក្រុមហ៊ុនធំៗមួយចំនួនដូចជា៖ ១)ក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល ដែលបានវិនិយោគលើចំការកៅស៊ូ លើផ្ទៃដីចំនួន ៧០០០ ហិកតា និងចំការចេក លើផ្ទៃដីចំនួន ១៥០០ហិកតា ២)ក្រុមហ៊ុន បឹងកេត ផ្លេនធីង & អ៊ិនដាសស្ទ្រៀល ដែលផលិតដំណាំស្វាយស្រស់ សម្រាប់បម្រើការនាំចេញ ៣)ក្រុមហ៊ុន ឡុង ស្រេង ហ័រ ជាន អាហ្គ្រីខលឈ័រ ឌីវេឡុបមិន ដែលមានជំនាញក្នុងការដាំចេក និងមានចំការចេកអំបូងលឿង លើផ្ទៃដីចំនួន ៧០០ហិកតា សម្រាប់បម្រើការនាំចេញ ៤)ក្រុមហ៊ុន បឹងកេត ភែកខេជីង ហ្វេកធើរី ដែលផលិតកេសក្រដាស និងថង់ផ្លាស្ទិកគ្រប់ប្រភេទ និង ៥)ក្រុមហ៊ុនរោងចក្រផលិតជីសរីរាង្គ បឹងកេត។

ក្រៅពីកិច្ចការជំនួញ វិនិយោគ និងការលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា អ្នកឧកញ៉ា ហេង ឡុង តែងតែចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈគ្រឿងឥស្សរិយយសជាច្រើន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ពីព្រះមហាក្សត្រ៕