ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១០៤រូប កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដោយក្នុងនោះក៏មានអ្នកឧកញ៉ា ចំនួន ៤រូប ទទួលបានការតែងតាំង និងផ្តល់ឋានៈស្មើ ពីរដ្ឋលេខាធិការ ដល់រដ្ឋមន្ត្រី។

តាមរយៈព្រះរាជក្រឹត្យ លេខ នស/រកត/០៨២៣/២០៣៣ ក្នុងចំណោមសមាសភាពតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទាំង ១០៤រូប គឺមានអ្នកឧកញ៉ា ដូចខាងក្រោម៖
១)អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា OCIC ឋានៈស្មើ រដ្ឋមន្ត្រី

២)អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ឋានៈស្មើ រដ្ឋមន្ត្រី

៣)អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ឋានៈស្មើ រដ្ឋមន្ត្រី

៤)អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមហ៊ុន អាល់ហ្វា គ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឋានៈស្មើ រដ្ឋលេខាធិការ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី គឺមានឧបនាយករដ្ឋមន្ត្រី ចំនួន ១០រូប, ទេសរដ្ឋមន្ត្រី ចំនួន ២១រូប និងរដ្ឋមន្ត្រីចំនួន ៣០រូប ព្រមទាំងមានទីប្រឹក្សាផ្ទាល់ ចំនួន ១០៤រូប ដែលជាអ្នកជួយប្រឹក្សាយោបល់លើវិស័យឬជំនាញរបស់ខ្លួនដ៏សំខាន់ជូនដល់នាយករដ្ឋមន្ត្រី ដើម្បីជាធាតុចូលដ៏ចាំបាច់ សម្រាប់នាយករដ្ឋមន្ត្រីពិចារណា មុនធ្វើការសម្រេចចិត្តលើរឿងអ្វីមួយឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕