អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប (World Bridge Group) ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងជា ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។
តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៥៦ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈឥស្សរជន និងបុគ្គលមានស្នាដៃ ជាទីប្រឹក្សារាជរដ្ឋាភិបាល សរុបចំនួន ៣៦៣រូប ដែលមានឋានៈស្មើចាប់ពី អគ្គនាយក រហូតដល់ ឧបនាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឫទ្ធី ក៏ទទួលបានការតែងតាំងជា ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋមន្ត្រី ដោយពុំទទួលប្រាក់បំណាច់មុខងារ។
សូមជម្រាបថា អ្នកឧកញ៉ា សៀ ឫទ្ធី ជាអ្នកជំនួញលេចធ្លោរមួយរូបនៅកម្ពុជា បានចាប់ផ្តើមប្រឡូកក្នុងអាជីវកម្មតាំងពីឆ្នាំ១៩៩២។ អ្នកឧកញ៉ា វ័យ៥៣ឆ្នាំរូបនេះ ជាម្ចាស់អគារខ្ពស់កប់ពកជាប់នឹងតំបន់កោះពេជ្រ The Peak ដែលមានកម្ពស់ជាង ២០០ម៉ែត្រ និងមានចំនួន ៥៥ជាន់ ដោយចំណាយទុនវិនិយោគប្រមាណ ៥៨០ លានដុល្លារ និងជាម្ចាស់ “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” តម្លៃជាង២០០លានដុល្លារ។ អ្នកឧកញ៉ា មានក្រុមហ៊ុនធំៗប្រមាណ ៣០នៅក្នុងដៃលើពហុវិស័យ ពិសេសក្នុងវិស័យអចលនទ្រព្យ ភស្តុភារកម្ម និងដឹកជញ្ជូន រួមទាំងធនាគារ ប្រ៊ីដ (Bridge Bank) ដែលទើបប្រកាសបើកសម្ពោធជាផ្លូវការ កាលខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះផងដែរ។ បច្ចុប្បន្នអ្នកឧកញ៉ា ក៏មានតួនាទីជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ទទួលបន្ទុកទំនាក់ទំនងសាធារណៈ និងអន្តរជាតិ៕