មួយរយៈចុងក្រោយនេះ នៅលើបណ្ដាញសង្គម គេឃើញមានអ្នកមានជំនាន់ថ្មី តែងតែងបង្ហោះ ឡានវីឡាទំនើបៗ របស់ប្រេនៗ បង្អួតគេឯង ជាញឹកញយ ដែលពិសេសជាងគេនោះ គឺក្រុមអ្នកជោគជ័យខាងលក់ឡេ តាមអនឡាញតែម្ដង។ ការបង្ហោះទ្រព្យសម្បត្តិជាសាធារណៈនេះ មានធ្វើឲ្យមហាជនខ្លះសរសើរ ខ្លះក៏ សើចចំអក។ ទទឹមគ្នានោះដែរ សម្រាប់សេដ្ឋីល្បីៗឈ្មោះក្នុងស្រុកខ្មែរ២រូប ដែលសុទ្ធតែទទួលបានការសិក្សាថ្នាក់បណ្ឌិតផងនោះ គឺ លោក ឧកញ៉ា បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី នឹង លោក ឧកញ៉ា បណ្ឌិត គឺម ហ៊ាង បានយល់ឃើញថា ជារឿងមិនល្អ អ្នកមានទ្រព្យទាំងឡាយ មិនគូរបង្ហោះបង្អួតគេឯងឡើយ ក្នុងកាលៈទេសៈប្រទេសក្រីក្របែបនេះឡើយ ។
១/ ឯកឧត្ដមឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី យល់ឃើញថា
ក្នុងកាលៈទេសៈរស់នៅលើប្រទេសក្រីក្រ អ្នកមានទ្រព្យទាំងឡាយ មិនគូរបង្ហោះបង្អួតគេឡើយ បើមានលុយចង់ទិញអីទិញទៅ កុំបង្ហោះបង្អួតគេឯង ឬយកទ្រព្យសម្បត្តិដែលមាននេះយកទៅវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្មតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើងដើម្បីបង្កើតការងារអោយដល់ប្រជាពលរដ្ឋក្រីក្រធ្វើ និងបានចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាយើងព្រមទាំងមិនបានរំខានដល់សន្តិសុខសុវត្ថិភាពសង្គមផងដែរ ។
ផេកផ្លូវការរបស់លោកឧកញ៉ា បានសរសេររៀបរាប់បែបនេះថា (នៅក្នុងគ្រាដ៏សែនមហាវិនាសកម្មដោយសារតែជំងឺឆ្លងកូរ៉ូណាកូវីដ-១៩ដ៏មហាប្រលៃនៅលើភពផែនដីយើងនេះក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ដូច្នេះហើយខ្ញុំសូមអភ័យទោសមុននិងនិយាយក្រែងលោមានអារម្មណ៍មិនល្អដល់ប្រីយមិត្តនៅក្នុងបណ្ដាញសង្គមfbនេះ។
ខ្ញុំសុំចិត្តសុំថ្លើមអ្នកដែលចូលចិត្តឈ្លោះប្រកែកគ្នានិយាយរឿងមិនល្អបង្ហោះបង្អួតទ្រព្យសម្បត្តិឡានវីឡា លុយកាក់ មាសពេជ្រនិងរឿងដែលមិនសមរម្យមួយចំនួនទៀតបង្ហោះតាមបណ្តាញសង្គមfbសូមមេត្តាឈប់បង្ហោះទៀតទៅ ព្រោះអីយើងត្រូវដឹងថាមិនមែនមើលឃើញតែនៅក្នុងប្រទេសយេីងទេគឺគេមើលឃើញទូទាំងពិភពលោកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយរក្សាវាទុកទៅចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅមិនចាំបាច់បង្អួតប្រាប់គេឯងទេបើខ្លួនពិតជាស្រឡាញ់ដល់ប្រជាជនក្រីក្រមែនគួរណាតែយកទ្រព្យសម្បត្តិដែលមាននេះយកទៅវិនិយោគលើវិស័យកសិកម្មកសិឧស្សាហកម្មតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើងដើម្បីបង្កើតការងារអោយដល់ប្រជាពលរដ្ឋក្រីក្រធ្វើនិងបានចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាយើងព្រមទាំងមិនបានរំខានដល់សន្តិសុខសុវត្ថិភាពសង្គមផងដែរ។)
២/ឧកញ៉ាបណ្ឌិត គីម ហ៊ាង យល់ ឃើញថា
អ្នកទាំងនោះ កំពុងឈ្លក់វង្វេងនឹងភាពហ៊ឺហា ភាពឆើតឆាយ សម្ភារៈនិយមជ្រុលហួសហេតុ ។
ដោយបានឆ្លងកាត់សម័យវិបត្តិសេដ្ឋកិច្ចក្នុងតំបន់ ឆ្នាំ១៩៩៧ វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨ និងកំពុងឆ្លងកាត់វិបត្តិពិភពលោក Covoid19 ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានចែករំលែក ៥ចំណុចដល់ពាណិជ្ជករវ័យក្មេងជាច្រើន ដែលកំពុងឈ្លក់វង្វេងនឹងភាពហ៊ឺហា ភាពឆើតឆាយ សម្ភារៈនិយមជ្រុលហួសហេតុ ហើយយកសំបក ឬខោអាវថ្លៃជាងខ្លួន។ ឧកញ៉ាបណ្ឌិត បានសរសេរសារចែករំលែកលើផេកផ្លូវការរបស់លោក ដោយខ្លឹមសារទាំង៥ចំណុចនោះរួមមានដូចខាងក្រោម។
- កុំចំណាយលើសពី ៩% នៃទ្រព្យសម្បត្តិសរុបទៅលើរថយន្តទំនើប និងប្រណិត១គ្រឿង ព្រោះយើងត្រូវការដើមទុនដើម្បីបង្កើនប្រាក់ចំណេញ និងពង្រីកអាជីវកម្ម!
- កុំចំណាយលើសពី ១០% នៃទ្រព្យសម្បត្តិសរុបទៅលើផ្ទះនៅប្រចាំថ្ងៃ ព្រោះយើងនៅវ័យក្មេង ឱកាសរកលុយនៅមានច្រើន គួរទុកដើមទុនទាំងនោះទៅពង្រីក និងពង្រឹងអាជីវកម្ម!
- កុំខ្ចីធនាគារលើសពី ៣០% នៃទ្រព្យសម្បត្តិសរុប ព្រោះបើបំណុលក្រោម ៣០% គឺយើងអាចគ្រប់គ្រងបាន ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ!
- បើកក្រុមហ៊ុនរកសុី គឺដើម្បីប្រាក់ចំណេញ មិនមែនដើម្បីអួតប្រាប់គេថា ខ្លួនជាម្ចាស់អាជីវកម្ម ចេះរកស៊ីមិនមែនទំនេរទេ ព្រោះបើបើកមកដើម្បីតែខាត កុំបើកល្អជាង!
- បើអ្នកមានលុយពិត នោះធ្វើអ្វី ទិញអ្វី ប្រើរបស់ប្រណិតអ្វី គឺសុទ្ឋតែសមទាំងអស់ តែបើភាពមានបាននៅមានកំរិត នោះសូមទុកលុយរកស៊ីទៅវាល្អជាងហឺហាតែសំបកក្រៅ!
សម្រួលអត្ថបទដោយ៖ កូនចៅឧកញ៉ា