ត្រឹមខែសីហាឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា មាន«អ្នកឧកញ៉ា» ស្ទើទាំងអស់!

ជុំវិញ​ឧកញ៉ា

សមាគមអ្នកដែលប្រមូលផ្តុំដោយកំពូលអ្នកមានគ្រាក់ៗ អ្នកមានមធ្យមនៅក្នុងស្រុក ដែលទើបប្រសូតជាផ្លូវការ កាលពីខែមិថុនាកន្លងទៅ គឺ«សមាគមឧកញ៉ាកម្ពុជា» ប៉ុន្តែសមាគមនេះត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមដែលមានភារកិច្ចគ្រប់គ្រងអ្នកមានលុយ ដែលត្រូវបានអង្គព្រះមហាក្សត្រប្រទានគោរមងារ «ឧកញ៉ា អ្នកឧកញ៉ា» មួយនេះដឹកនាំដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ជាកំពូលពាណិជ្ជករឈរជើងក្នុងពិភពជំនួញរាប់ទស្សវត្សន៍មកហើយ។

បើតាមអ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងពិធីប្រកាសសមាគមឧកញ៉ាកម្ពុជា ជាផ្លូវការ លើកឡើងថា នៅក្នុងប្រព័ន្ធដឹកនាំសមាគម គឺចាត់តាំងតាមរយៈ៖ សន្និបាត ឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ ក្រុមប្រឹក្សាភិបាល គណៈកម្មការជំនាញ និង អគ្គលេខាធិការដ្ឋាន។ បច្ចុប្បន្ន ក្នុងអណត្តិដំបូង សមាគមនេះដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាល និងជាស្ថាបនិក ចំនួន ៣២រូប។

ក្នុងចំណោមបញ្ជីឈ្មោះដែលគេហទំព័រសារព័ត៌មានឧកញ៉ាញូស៍ (Oknha News) ទទួលបាន ក្នុងនោះសមាសភាពក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា បច្ចុប្បន្នមានអ្នកមានគោរមងារ«អ្នកឧកញ៉ា» ស្ទើទាំងអស់ទៅហើយក្នុងបញ្ជីឈ្មោះសរុប ពោលគឺមានតែពាណិជ្ជករម្នាក់គត់ មានគោរមងារ «ឧកញ៉ា»។

ជាកត់សម្គាល់ កាលដែលមានគោរមងារអ្នកឧកញ៉ាស្ទើតែ ១០០%ក្នុងបញ្ជីឈ្មោះ គឺកើតឡើងច្រើនក្នុងខែសីហា ឆ្នាំ២០២៣នេះដែលជាខែជិតចប់អាណត្តិនីតិកាលទី៦របស់រាជរដ្ឋាភិបាល ខណៈអ្នកឧកញ៉ាល្បីៗម្ចាស់អាណាចក្រជំនួញប៉ុន្មានរូបប៉ុណ្ណោះ ទទួលបានគោរមងារ «អ្នកឧកញ៉ា» ពីអង្គព្រះមហាក្សត្រមុនឆ្នាំ២០២៣។

សមាគមឧកញ៉ាកម្ពុជា ធ្លាប់បានអះអាងថា សមាគមអព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃ និងធ្វើសកម្មភាពដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ៕