លោកឧកញ៉ា តែ ឡូរិន ម្ចាស់សាកលវិទ្យាល័យវេស្ទើន (Western University) ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជា ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី ឋានៈស្មើ អនុរដ្ឋលេខាធិការ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្នុងចំណោមទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន ៦០រូបផ្សេងទៀត តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ា តែ ឡូរិន គឺជាស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវេស្ទើន និងសាលាវេស្ទើនអន្តរជាតិ ហើយថ្មីៗនេះលោកទើបបង្កើតសាលាមួយទៀតមានឈ្មោះថា សាលាវេស្ទើនប្រ៊ីជ។ សាកលវិទ្យាល័យវេស្ទើន ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ដោយឧកញ៉ា តែ ឡូរិន ហើយក្នុងឆ្នាំនោះដែរ លោកឧកញ៉ា ក៏បានបង្កើតសាលាវេស្ទើនអន្តរជាតិដំណាលគ្នាផងដែរ។ លោកឧកញ៉ា តែ ឡូរិន បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច លើជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ Sorbonne ទីក្រុងប៉ារីស ប្រទេសបារាំង។
លោកឧកញ៉ា តែ ឡូរិន ក៏ជាប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា (FENCING FEDERATION OF CAMBODIA) ដែលជាវិញ្ញាសាដ៏សំខាន់មួយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលទើបបញ្ចប់កាលពីពេលថ្មីៗផងដែរ៕