កញ្ញា ប៊ន ស្រីលាភ កូនស្រីបង្កើតរបស់ឧកញ៉ា សំ ប៊ន ទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា ទីប្រឹក្សាក្រសួងយុត្តិធម៌ ឋានៈស្មើ អគ្គនាយក កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៦៩ ដែលក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានេះ គឺឥស្សរជនសរុបចំនួន ១៨៧រូប បានទទួលការតែងតាំងជា ទីប្រឹក្សាក្រសួងយុត្តិធម៌ ដែលមានឋានៈស្មើពី អគ្គនាយក ដល់រដ្ឋលេខាធិការ។ ក្នុងនោះ លោកជំទាវ ប៊ន ស្រីលាភ ស្ថិតនៅលេខរៀងទី១៧៥ មានឋានៈស្មើ អគ្គនាយក ដោយពុំទទួលប្រាក់បំណាច់មុខងារ។
លោកឧកញ៉ា សំ ប៊ន នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ ក៏បានបង្ហាញសារខ្លីមួយ ជាការអបអរសាទរដល់កូនស្រីរបស់លោកផងដែរ ដោយលោកបានបង្ហោះសារលើបណ្តាញសង្គមថា «អបអរសាទរ កូនស្រីសំលាញ់ប៉ា»។



កញ្ញា ប៊ន ស្រីលាភ ជាអ្នកសិក្សាច្បាប់ជ្រៅជ្រះមួយរូប ខណៈដែលបច្ចុប្បន្នកញ្ញា កំពុងប្រកបអាជីពជាមេធាវី ក្រោមឆ័ត្រគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ កញ្ញាមេធាវី ប៊ន ស្រីលាភ ក៏ទើបត្រូវបានព្រះមហាក្សត្រទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះផងដែរ៕


