លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយកផ្សារហនុមាន កាលពីថ្ងៃទី៣០ ខែសីហា ម្សិលមិញនេះ បានជួបពិភាក្សាជាមួយលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ដើម្បីពិភាក្សាអំពីរឿងគ្រប់គ្រងសំរាម សម្រាប់បងប្អូនអាជីវករ ដែលលក់ដូរនៅផ្សារហនុមាន (ហៅផ្សារអរិយក្សត្រ)។

ក្នុងជំនួបរវាងលោកអភិបាលក្រុង សហការី ជាមួយនឹងលោកឧកញ៉ា ស្រី ចន្ធូ បានពិភាក្សាយ៉ាងលម្អិតអំពីការគ្រប់គ្រង អនាម័យ បរិស្ថាន សំរាម និងសំណល់រឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ជាលទ្ធផល ផ្សារហនុមាន នឹងរៀបចំកន្លែងទុកដាក់សំរាមរបស់អាជីករលក់ដូរក្នុងផ្សារទាំងអស់ ជាមួយនឹងរថយន្តដឹកសំរាមចេញឱ្យបានទៀងទាត់ តាមកម្មវិធី ដើម្បីមិនឱ្យមានការកកស្ទះសំរាមនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងសោភណ្ឌភាពទីក្រុង។


សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងមន្ត្រី-អាជ្ញាធរពាក់ព័ន្ធបានចុះទៅពិនិត្យ និងហាមឃាត់មិនឱ្យបងប្អូនប្រជាពលរដ្ឋយកសំរាមទៅចាក់ចោលនៅទីតាំងចាក់សំរាម ដែលស្ថិតនៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រទៀតនោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាព សុខមាលភាពប្រជាពលរដ្ឋ និងបរិស្ថានទាំងមូល រួមទាំងមុខមាត់ក្រុងអរិយក្សត្រ។
ឧកញ៉ា ស្រី ចន្ធូ ម្ចាស់ផ្សារហនុមាន គឺជាអគ្គនាយករងក្រុមហ៊ុន 7 NG និងជាម្ចាស់កសិដ្ឋានចិញ្ចឹមគោ i7 ដែលស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលផងដែរ៕