អ្នកឧកញ៉ា គួច ម៉េងលី បង្ហាញទស្សនៈជុំវិញសិស្សបាក់ឌុបនិទ្ទេស A, B, C ក្លាយជាគ្រូបង្រៀនដោយស្វ័យប្រវត្តិ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ​​បាន​បញ្ចេញ​នូវ​ទស្សនៈ​មួយ​ចំនួន​ ចំពោះ​​ការ​​កែទម្រង់​​របស់​ក្រសួងអប់រំ យុវជន និង​កីឡា ដែល​គ្រោង​ឱ្យ​សិស្ស​ដែលប្រឡងបាក់ឌុបជាប់និទ្ទេស A, B, C មានសិទ្ធិអាចចូលបង្រៀនបាន ហើយសិស្សផ្សេងទៀត ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការសម្រួចអាទិភាព នៃកំណែទម្រង់វិស័យអប់រំ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់ក្រសួងអប់រំ បានបង្ហាញ​ពីការកំណត់កូតាសម្រាប់ «សិស្សនិទ្ទេស A, B, C ដើម្បីជ្រើសរើសចូលធ្វើគ្រូបង្រៀន» ដោយឆ្លងកាត់ការវាយ​តម្លៃ​តាមលំដាប់ពិន្ទុប្រឡង។ ដោយឡែក កូតានៅសល់សម្រាប់បេក្ខជនផ្សេងទៀត ត្រូវឆ្លងកាត់ការប្រឡង ក្រោមការដឹកនាំដោយក្រុមការងារថ្នាក់ជាតិ និងចូលរួមពីតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី។

អ្នកឧកញ៉ា គួច ម៉េងលី បាន​បង្ហាញ​ការ​យល់​ឃើញ​ថា បើ​កំណត់​យក​​សិស្ស​កម្រិត​បាក់ឌុប និទ្ទេស A, B ឬ C ​ធ្វើ​ជា​គ្រូបង្រៀន គឺ​បាន​តែ​​ការ​បង្រៀន​នៅ​ថ្នាក់​បឋមសិក្សា តាម​ទីជនបទ​​ប៉ុណ្ណោះ។ អ្នកឧកញ៉ា បាន​បន្ត​ថា យើង​គួរ​តែ​ពង្រឹង និង​ពង្រីក​​​សក្តានុពលសាលា​គរុកោសល្យ​​ឱ្យ​បាន​ច្រើន ត្រូវ​បណ្តុះបណ្តាល​ធនធាន​គ្រូ​ឱ្យ​បាន​ច្រើន ដើម្បី​ធនធាន​មនុស្ស​ទៅ​បង្រៀន​​តាម​សាលា​គ្រប់​កម្រិត ដើម្បី​ឱ្យ​សិស្ស​​ទទួល​បាន​ចំណេះ​ដឹង​ច្រើន។

អ្នកឧកញ៉ា បាន​បន្ថែម​​ទៀត​ថា អ្វី​ដែល​យើង​គ្រោង​ធ្វើ​ក្នុង​គោលនយោបាយ​នេះ គឺ​ល្អ​ហើយ​ដើម្បី​ឱ្យ​ឱកាស​​​ចូល​បម្រើ​ការងារ​ជា​គ្រូ​បង្រៀន​កាន់​តែ​ច្រើន​ទៅ​តាម​មូលដ្ឋាន​រហូត​ដល់​តាម​ភូមិ ប៉ុន្តែ​វា​ពុំ​បាន​ជួយ​ប៉ុន្មាន​ដល់​គុណភាព​នៃ​ការ​អប់រំ​ធនធាន​មនុស្ស​ទេ ព្រោះ​គ្រូ​បង្រៀន​ទើប​ចប់​បាក់ឌុប ពុំ​ទាន់​មាន​ចំណេះ​ដឹង​ពេញ​លក្ខណៈ​នោះ​ទេ។ បើ​យើង​បណ្តុះបណ្តាល​គ្រូ​គរុកោសល្យ​ឱ្យ​បាន​ច្រើន ហើយ​ចេញ​ទៅ​​បង្រៀន​ នោះ​ទើប​ទទួល​បាន​ធនធាន​មនុស្ស​ប្រសើរ​ជាង។

ទាក់ទង​នឹង​កំណែទម្រង់​នេះ ​​អ្នកឧកញ៉ា គួច ម៉េងលី ក្នុង​នាម​ជា​ម្ចាស់​សាលា​ឯកជន​ ដែល​មាន​បទពិសោធន៍​ច្រើន​លើ​វិស័យ​អប់រំ យល់​ឃើញ​ថា គោលនយោបាយ​ខាង​លើ ហាក់ដូចជា​ការ​ដើរ​ថយក្រោយ​វិញ ប៉ុន្តែ​លោក​មិន​ច្បាស់​ថា ក្រសួង​នឹង​មាន​ផែនការ​លម្អិត​ច្បាស់​លាស់ ឬ​​​អាច​ល្អ​​ត្រង់​ចំណុច​ណា​​វិញ។ ទោះយ៉ាងណា អ្នកឧកញ៉ា នៅតែយល់​ថា គួរ​តែ​ពង្រឹង​​សាលា​គរុកោសល្យ និង​ពង្រីកការ​បណ្តុះបណ្តាល​គ្រូ​គរុកោសល្យ​ ​ឱ្យ​បាន​ចំនួន​ច្រើន ​ដើម្បី​​ចេញ​ទៅ​បង្រៀន​ឱ្យ​សិស្ស​ទទួល​បាន​ចំណេះដឹង ​​កាន់​តែ​​ខ្ពស់​ឡើង៕