អ្នកឧកញ៉ា ហ៊ួរ ហាក់សេង និងលោកស្រី ហេង សុផាណែត បានឧបត្ថម្ភទឹកប្រាក់ប្រមាណ ១០០០០ដុល្លារ ជូនសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ការបរិច្ចាគជាមួយនឹងទឹកចិត្តប្រកបដោយសប្បុរសធម៌នេះ សម្តេចក្រឡាហោម ស ខេង ប្រធានកិត្តិយស សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក៏បានចេញលិខិតថ្លែងអំណរគុណជូន អ្នកឧកញ៉ា ហ៊ួរ ហាក់សេង និងលោកស្រី ហេង សុផាណែត ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន រួមចំណែកជួយអភិវឌ្ឍវិស័យ SME នៅកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា អ្នកឧកញ៉ា ហ៊ួរ ហាក់សេង ជាសហគ្រិនវ័យក្មេងក្នុងវិស័យអចលនទ្រព្យ ម្ចាស់គម្រោងផ្ទះលំហែកាយនៅខេត្តកំពត និងជាម្ចាស់ហាងលក់គ្រឿងអលង្កាពេជ្រ ថន គឹមលី។ លោក ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ និងត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ថ្មីៗកន្លងទៅនេះ៕