រូបសំណាក «ព្រះគណេស» ដែលសាងសង់ឡើងចំណាយថវិកាអស់ប្រមាណជាង ៦ម៉ឺនដុល្លារ ក្រោមការឧបត្ថម្ភទាំងស្រុងពីអ្នកឧកញ៉ា យូ សាន្ត ស្ថិតនៅចំណុចក្បែរឆ្នេរកែប ក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប បានរៀបចំពិធីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋប្រមាណជិត ៤០០នាក់។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ព្រះគណេសជាបុត្រាទី២ ព្រះឥសូរ និងត្រូវជាប្អូនព្រះស្កន្ទ ហើយព្រះអង្គជាទេពតំណាងឱ្យចំណេះដឹង និងបញ្ជៀសបានឧបសគ្គផ្សេងៗ។ លោកអភិបាល បានឱ្យដឹងបន្ថែមទៀតថា រូបសំណាកនេះ បានកសាងឡើងដោយមានការចូលរួមឧបត្ថម្ភគាំទ្រទាំងស្រុងពី អ្នកឧញ៉ា យូ សាន្ត។ នេះជាការចូលរួមចំណែកបន្សល់ទុកនូវស្នាដៃពីវិស័យឯកជន ដែលមកប្រកបអាជីវកម្មនៅខេត្តកែប និងជាការរួមគ្នា ក្នុងការអភិវឌ្ឍន៍ខេត្តទាំងមូលកាន់តែរីកចម្រើន ទាំងលើហេដ្ឋារចនាសម្ព័ន្ធវិស័យផ្សេងៗទៀត។

អ្នកឧកញ៉ា យូ សាន្ត ម្ចាស់ផ្ទះសំណាក់ «ផ្ទះឆ្នេរ» នៅក្រុងកែប បានគូសបញ្ជាក់ថា រូបសំណាកព្រះគណេសនេះ បានចំណាយទឹកប្រាក់ក្នុងការកសាងប្រមាណជាង៦ម៉ឺនដុល្លារ។ រូបសំណាកនេះ ធ្វើពីថ្មភក់ មានកម្ពស់ជិត ២ម៉ែត្រ ក្នុងនោះមានការសាងសង់ នូវបរិវេណសួនច្បារដ៏ប្រណិតផងដែរ។
អ្នកឧកញ៉ា បានបន្តថា ការកសាងរូបសំណាកនៅទីនេះ ក្នុងបំណងចូលរួមជាមួយរដ្ឋបាលខេត្តកែប ដើម្បីជាការលើកកម្ពស់ ការកែលំអសោភណ្ឌភាពសាធារណៈ ឱ្យមានភាពស្រស់ស្អាត សាកសមជាខេត្តទេសចរណ៍ ហើយក៏ជាការបន្សស់ទុកកេរ្តិ៍មរតកសម្រាប់ខេត្តកែបផងដែរ ក្នុងនាមលោកជាអ្នកប្រកបអាជីវកម្មនៅខេត្តមួយនេះ។ អ្នកឧកញ៉ា បានព្យាករថា រូបសំណាកព្រះគណេសអង្គនេះ អាចនឹងនៅស្ថិតស្ថេរគង់វង្សដល់ ១០០ឆ្នាំ។ រូបសំណាកព្រះគណេស នឹងក្លាយជាទីគោរពសក្ការៈបូជាថ្មីមួយទៀត សម្រាប់ខេត្តកែប ពិសេសសម្រាប់ពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិ អន្តរជាតិ គោរពបូជា និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន៕


