តំណាងក្រុមហ៊ុន ទ្រី ភាព គ្រុប បាននាំយកអំណោយមួយចំនួនរបស់ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកស្រីអ្នកឧកញ៉ា គៀន ស្រីនាង ចុះចែកជូនលោកគ្រូ-អ្នកគ្រូ និងកុមារា-កុមារី ដែលជាកូនៗរបស់បុគ្គលិក និងកម្មករ កំពុងសិក្សារៀនសូត្រនៅក្នុងសាលារៀនមួយកន្លែង របស់ក្រុមហ៊ុនចំការកៅស៊ូ ទ្រី ភាព អ៊ីមផត អិចផត សាខាស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

ការចែកអំណោយជូនកុមារា-កុមារីនេះ គឺក្នុងឱកាសការធ្វើដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពចំការកៅស៊ូនៃក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត សាខាស្រុករវៀង ខេត្តព្រះវិហារ។ លោក ឃៀង សុជីវ័ន្ត តំណាងអ្នកឧកញ៉ា ទ្រី ភាព បាននាំយកនូវអំណោយមួយចំនួនរបស់ អ្នកឧកញ៉ា និងលោកស្រី ទៅចែកជូនដល់លោកគ្រូ-អ្នកគ្រូ ចំនួន០៤នាក់ និងក្មួយៗកុមារា-កុមារី ចំនួន១៤០នាក់ ដែលជាកូនៗរបស់បុគ្គលិក-កម្មករកំពុងរៀនសូត្រនៅក្នុងសាលារបស់ក្រុមហ៊ុនចំការកៅស៊ូ ទ្រី ភាព អ៊ីមផត អិចផត។ ក្នុងនោះ លោកគ្រូ-អ្នកគ្រូម្នាក់ៗទទួលបានក្រម៉ា ០១ និងថវិកា ៥០០០០រៀល ហើយកុមារម្នាក់ៗទទួលបានសៀវភៅ ០៣ក្បាល ប៊ិច ០២ដើម នំ ០១កញ្ចប់ ទឹកដោះគោ ០១កំប៉ុង និង ថវិកា ៥០០០រៀល។
ជាចុងក្រោយ លោក ឃៀង សុជីវ័ន្ត តំណាងអ្នកឧកញ៉ា ទ្រី ភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ-អ្នកគ្រូ ក្នុងការចំណាយពេលវេលា និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ហាត់បង្រៀនដល់ក្មួយៗទាំងអស់គ្នា។ បន្ថែមលើនេះទៀត លោកក៏បានស្នើសុំឱ្យលោកគ្រូ-អ្នកគ្រូ បន្តការខិតខំប្រឹងប្រែងនេះតទៅទៀត ហើយ ក្មួយៗទាំងអស់ក៏ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់គ្រូបង្រៀនឱ្យបានល្អផងដែរ៕



