ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អ្នកឧកញ៉ា ឧកញ៉ា មិនអាចមានឋានៈស្មើរដ្ឋមន្ត្រី ឬឋានៈស្មើអ្វីទៀតនោះទេ

ជុំវិញ​ឧកញ៉ា

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ​​បាន​បង្ហើប​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ព្រះរាជក្រឹត្យ​ថ្មី​មួយ​ស្តីពី​ការ​តែងតាំង​ទីប្រឹក្សា ឬជំនួយការ ​​នឹង​ចេញ​ជា​ផ្លូវ​ការ ​​ហើយ​ក្នុង​នោះ​ សម្រាប់​​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន ដែលមានគោរមងារជា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវតែងតាំង​ជា​ទីប្រឹក្សា ឬជំនួយការ គឺ​មិនអាចមានឋានៈស្មើ​​រដ្ឋមន្ត្រី ឬឋានៈស្មើ​អ្វី​ទៀត​នោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាន​ថ្លែង​ក្នុង​ពិធី​ជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី០១​ ខែ​កញ្ញា នេះ​ថា សម្រាប់​បុគ្គល​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សា ឬ​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន ឬ​បុគ្គល​ដែល​ទទួល​បាន​គោរមងារ អ្នកឧកញ៉ា ឧកញ៉ា នៅ​តែ​អាច​ទទួល​បាន​ការ​តែងតាំង​ជា​ទីប្រឹក្សា ឬ​ជំនួយការ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬ​​ទីប្រឹក្សា ជំនួយការ​តាម​ក្រសួង​ ស្ថាប័ន​ផ្សេងៗ​បាន​ដដែល ប៉ុន្តែ​សុំ​​​ពួកគាត់​មិន​ឱ្យ​យក​​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ឬ​ឋានៈស្មើ​អ្វី​ទៀត​នោះ​ទេ។ ចំពោះអ្នកទទួលបានការតែងតាំងរួចរាល់ហើយ នឹងទុករយៈពេល ៦ខែ ដើម្បីឱ្យធ្វើការសម្រេចចិត្តជ្រើសរើសយកមួយ រវាងគោរមងារ អ្នកឧកញ៉ា ឧកញ៉ា ឬយកឋានៈស្មើ។

ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី បាន​បន្ថែម​ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់​ចេញ​គោលការណ៍ខ្លះៗរួចមកហើយ​ សម្រាប់​មន្ត្រី​កងកម្លាំង​នគរបាល និង​មន្ត្រី​យោធា​ បើ​មាន​ពាក់ស័ក្តិ​ជា​ឧត្តមសេនីយ៍​ហើយ កុំ​យក​ងារ​ជា ឧកញ៉ា ហើយ​បើ​យក​ងារ​ជា ឧកញ៉ា គឺ​កុំយក​ក្របខ័ណ្ឌ​ជា​​ឧត្តមសេនីយ៍។ ឯកឧត្តមបណ្ឌិត បាន​បន្ត​ថា នេះ​គឺ​ក្នុង​ប្រធានបទ​​ស្រដៀង​គ្នា ហើយ​ក៏​សុំទោស​ដល់​ អ្នកឧកញ៉ា ឧកញ៉ា អាច​នឹង​ប៉ះពាល់​អារម្មណ៍ ប៉ុន្តែ​យើង​ធ្វើ​ទាំង​អស់​គ្នា ឱ្យ​ស្មើ​ភាព​ទាំង​អស់​គ្នា។ ទោះ​យ៉ាងណា ​​ការ​ប្រគល់​កិត្តិយស​ជា​ ទីប្រឹក្សា ឬជំនួយការ​ នឹង​នៅ​បន្ត​ជូន គ្រាន់​តែ​មិន​ផ្តល់​ឋានៈស្មើជូន​ប៉ុណ្ណោះ។ ចំណែក​ឯ​នៅ​បណ្តា​ប្រទេស​ជាច្រើន ក៏​មិនមាន​ការ​តែងតាំង​ឱ្យ​មាន​ឋានៈស្មើ​នោះ​ដែរ។

សូមជម្រាប​ថា បើ​តាម​ការ​គូស​បញ្ជាក់​របស់​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រះរាជក្រឹត្យ​ថ្មី​មួយ​នេះ មិនមែន​អនុវត្ត​​តែ​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​នោះ​ទេ ពោល​គឺ​នឹងមានវិសាលភាព​អនុវត្ត​ទាំង​មន្ត្រី​កងកម្លាំង​នគរបាល យោធិន ឬ​មន្ត្រី​រាជការស៊ីវិល​ទាំង​អស់​ផង​ដែរ។ យ៉ាងណាមិញ មន្ត្រី​​ក្របខ័ណ្ឌ​គ្រប់ប្រភេទ ​នឹង​មិន​អាច​មាន​តួនាទី​នៅ​តាម​បណ្តា​ក្រសួង​ ស្ថាប័ន​ រួច​ហើយ អាច​​ទទួល​បាន​ការតែងតាំង​ជា ទីប្រឹក្សា ឬ​ជំនួយការ ដែល​មាន​ឋានៈស្មើ​ទៀត​នោះ​ទេ។ ឯកឧត្តមបណ្ឌិត បាន​បញ្ជាក់​បន្ថែម​ថា ការ​ធ្វើបែបនេះ​ គឺ​ដើម្បី​ធានា​ផ្តល់​នូវ​អាទិភាព​ យុត្តិធម៌ និង​ការ​លើក​ទឹកចិត្ត ហើយ​ព្រះរាជក្រឹត្យ​ថ្មី​នេះ​ បាន​ឆ្លង​យោបល់គណៈរដ្ឋមន្ត្រី​ថ្មី​រួច​រាល់​ហើយ​៕