ស្ពានខ្សែកាបកោះពេជ្រ-កោះនរា ដែលជាគម្រោងសាងសង់ដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ចំណាយថវិកាប្រមាណ ៣៨លានដុល្លារអាមេរិក នឹងធ្វើពិធីតភ្ជាប់ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបង្ហើបឱ្យដឹង។

លោក កើត ឆែ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី៣១ ខែសីហា ថា បច្ចុប្បន្នការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា បានសម្រេចប្រមាណ ៩២%ហើយ។ លោកបានបន្តថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ លោកអភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញចូលរួមជាគណៈអធិបតីភាពក្នុងពិធីប្រារព្ធភ្ជាប់ស្ពានបេតុងខ្សែកាប។


គម្រោងសាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់កោះពេជ្រ និងកោះនរា នេះ សាងសង់ដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ តាមផែនការ ស្ពានខ្សែកាបនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ មុនព្រះរាជពិធីបុណ្យអុំទូក៕
