ឧកញ៉ា ឈាង សុវណ្ណរតនៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប (RTNK Group) យល់ឃើញថា ក្នុងជីវិតការងាររបស់មនុស្សម្នាក់ៗ ការធ្វើការងារតូចតាចឱ្យបានល្អបំផុត នោះនឹងអាចមានសមត្ថភាពអាចចាប់បានការងារធំ នាពេលអនាគត។
ឧកញ៉ា ឈាង សុវណ្ណរតនៈ ជាសហគ្រិនវ័យក្មេងមួយរូប ដែលមានចំណងចំណូលចិត្តជាអ្នកជំនួញដូចម្តាយរបស់លោក តាំងពីតូចមក។ ទោះបីលោកឧកញ៉ា បានកើតក្នុងគ្រួសារមួយ ដែលមានជីវភាពធូរធារ និងពុំសូវឆ្លងកាត់ការលំបាកច្រើន ប៉ុន្តែលោកបានប្រឡូកក្នុងជីវិតការងារ តាំងពីអ្នកអនាម័យ រហូតដល់អ្នកគិតលុយ ក្នុងម៉ាតលក់ទំនិញមួយកន្លែង មុននឹងក្លាយជាអគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប ដូចបច្ចុប្បន្ន។
លោកឧកញ៉ា ម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT សាខាព្រែកហូរ ៥០ម៉ែត្រ បានថ្លែងប្រាប់ Oknha News កាលពីពេលថ្មីៗកន្លងទៅថា ការចាប់ផ្តើមធ្វើការងារឱ្យបានល្អបំផុត ចាប់ពីការងារតូចតាចឡើង ពិតជាសំខាន់ខ្លាំងណាស់ ហើយត្រូវដឹងខ្លួនឯងឱ្យច្បាស់ថា យើងចង់បានអ្វី យើងត្រូវការអ្វី? បើយើងដាក់ចិត្តថាធ្វើហើយ ទោះការងារណា ក៏យើងអាចធ្វើបានដែរ។ លោកឧកញ៉ា បានបន្តថា បើការងារតូចយើងធ្វើបានល្អ នោះការងារធំក៏យើងអាចធ្វើបានដែរ ហើយមិនមែនថា ការងារតូចតាចយើងពុំចាំបាច់ធ្វើ ចាំធ្វើតែការងារធំនោះទេ។ លោកឧកញ៉ា បានគូសបញ្ជាក់ទៀតថា រឿងសំខាន់មួយទៀត ត្រូវសិក្សាពីតម្រូវការខ្លួនឯងឱ្យបានច្បាស់ និងខិតខំធ្វើការងារឱ្យចំគោលដៅ ទោះបីមានគេនិយាយចំអកយើងបែបណាក៏ដោយ ក៏ត្រូវតែជម្នះឱ្យបាន។
សូមជម្រាបថា ឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាកូនប្រុសរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺជាស្ថាបនិកនិងជាអគ្គនាយក ក្រុមហ៊ុន អ ធី អិន ខេ គ្រុប ដែលបានបង្កើតឡើងនៅឆ្នាំ២០២២។ បច្ចុប្បន្នលោកឧកញ៉ា ឈាង សុវណ្ណរតនៈ មានអាជីវកម្មសំខាន់ៗដូចជា ស្ថានីយប្រេងឥន្ទនៈ PTT Station, ហាងកាហ្វេ Amazon, ម៉ាតលក់ទំនិញ 7 Eleven, ហាងកាហ្វេ Brew Coffee, ហាង Brew Meaball, ក្លិបកីឡា Platinum Sports Club និងភោជនីយដ្ឋាន Brew Park ដែលទើបសម្ពោធ កាលពីថ្ងៃទី០១ ខែកញ្ញា ថ្មីៗនេះផងដែរ៕