ព្រលានយន្តហោះអន្តរជាតិថ្មី របស់អ្នកឧកញ៉ា ពុង ឃាវសែ សម្រេចការសាងសង់បានជាង ៥០%

ជុំវិញ​ឧកញ៉ា

ព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ ក្រោមការ​សាងសង់​​របស់​ក្រុមហ៊ុន Cambodia Airport Investment Co., Ltd ហៅកាត់ថា CAIC ​ដែលមាន​ទុន​វិ​និ​យោគ​ប្រមាណ ១៥០០​ លាន​ដុល្លារ​ ​ពី​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​វិនិយោគទុន​អា​ណិ​ក​​ជនកម្ពុជា ​(OCIC) ​​របស់​អ្នកឧកញ៉ា ពុង ឃាវសែ និង​រដ្ឋា​ភិ​បាល​កម្ពុជា ​​បាន​សម្រេច​ការសាងសង់​ប្រមាណ​ជាង ៥០ភាគរយ​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី ​និងនគរូបនីយកម្ម និងជាប្រធាន​ក្រុមការងារគាំទ្រដល់ការងាររៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី បានដឹកនាំ​ក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ​​កាលពី​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣​នេះ ហើយ​លោក​បាន​ឱ្យ​ដឹង​ថា គិត​មក​ទល់​បច្ចុប្បន្ន​នេះ​ ការសាងសង់​ជារួម​​សម្រេច​បាន​ប្រមាណ​ ៥១ភាគរយ។

សូមជម្រាប​ថា គម្រោង​សាងសង់​ព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ នៅ​លើ​ផ្ទៃដី​ទំហំ ២៦០០ ហិកតា ​បាន​បើកដំណើរការងារសាងសង់ ចាប់ពី​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។ តាមការឲ្យដឹងពី ក្រុមហ៊ុន CAIC ​ព្រលានយន្តហោះអន្តរជាតិ​ថ្មី​នេះ គ្រោង​នឹង​​បញ្ចប់​ដំណាក់​កាល​ទី១ នៅ​ឆ្នាំ ២០២៤ និង​​គ្រោង​​​​បើក​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០២៥ ​​បើ​គ្មាន​ការ​ប្រែប្រួល។

ព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ នឹង​ក្លាយ​ជា​ព្រលាន​យន្តហោះ​កម្រិត 4F ដែលមាន​លទ្ធភាព​ឱ្យ​​យន្តហោះ​ខ្នាត​ធំៗ​​ឆ្លង​ទ្វីប​អាច​ចុះ​ចត​បាន និង​មានចំណតយន្តហោះចំនួន ៣២ចំណត អាចទទួលអ្នកដំណើរ​បានពី ១៣លាន ទៅ១៥លាននាក់ ក្នុង​មួយឆ្នាំ៕