កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវមួយ ជម្រាបជូនឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក-លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរអង្គភាពទាំងអស់ មេត្តាចូលរួមជួយផ្ដល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។
យោងតាមសេចក្តីអំពាវនាវ រដ្ឋបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពល ខេមរភូមិន្ទ ដែលឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចឈរជើង ការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាឱកាសបុណ្យភ្ជុំបិណ្ឌ នៅសប្តាហ៍ទី៤ ខែកញ្ញា ឬសប្តាហ៍ទី១ ខែតុលា ខាងមុខនេះ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌នៃការចែករំលែករបស់ប្រជាជាតិយើង។ អំណោយទាំងអស់ សូមមេត្តាយកទៅប្រគល់ជូនទីចាត់ការហិរញ្ញវត្ថុ នៅសាលារាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ៕