ផ្សារទំនើប សេនជូរីផ្លាហ្សា របស់អ្នកឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកាក្រុមហ៊ុន សេនជូរី គ្រុប បានបើកឱ្យអាជីវករចូលលក់ដូរជាផ្លូវការហើយ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយនឹងបរិយាកាសផាសុកភាព និងអនាម័យ នឹងផ្តល់ឱ្យអតិថិជននូវបទពិសោធន៍កាន់តែប្រសើរ។ ទទឹមនឹងនេះ ផ្សារបណ្តោះអាសន្ន នៅលើសួនកុមារពោធិ៍ចិនតុង ក៏បានរុះរើចេញវិញនិងបិទជាផ្លូវការ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងវិនិយោគសាងសង់ផ្សារសេនជូរីផ្លាហ្សាថ្មី ក្រោយពីការរៀបចំពិធីចាប់ឆ្នោតជ្រើសរើសតូបលក់ដូរជូនអាជីវករចាស់ និងក្រោយពីការផ្ទេរអាជីវករចាស់ ដែលបានលក់ដូរបណ្តោះអាសន្ន លើសួនកុមារពោធិ៍ចិនតុងត្រឡប់ចូលទៅលក់ក្នុងផ្សារដែលបានសាងសង់ថ្មីវិញ។
លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តអនុវត្តគម្រោងកែលម្អ និងលើកកម្ពស់សោភ័ណភាពផ្សារ និងតំបន់ជុំវិញផ្សារសេនជូរីផ្លាហ្សានេះ ឱ្យកាន់តែមានសោភ័ណភាព មានបរិស្ថាន-អនាម័យល្អ និងមានសណ្តាប់ធ្នាប់របៀបរៀបរយ តាមរយៈការរៀបចំក្រាលការ៉ូឡា នៅតាមបណ្តោយផ្លូវជុំវិញផ្សារ, ការរៀបចំឱ្យមានផ្លូវថ្មើរជើង, ការជួសជុលបន្ថែមផ្លូវដែលខូច និង ការកែលម្អសោភ័ណភាពសួនកុមារពោធិ៍ចិនតុង បន្ទាប់ពីអាជីវករបានរើចេញរួចរាល់អស់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។


សូមជម្រាបថា ផ្សារទំនើបសេនជូរីផ្លាហ្សា របស់លោកស្រីអ្នកឧកញ៉ា ចាន់ សុទ្ធា បានសម្ពោធបើកការដ្ឋាន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ផ្សារទំនើបសេនជូរីផ្លាហ្សា ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានកម្ពស់៧ជាន់ ផ្នែកខាងលើ៥ជាន់ និងក្រោមដី២ជាន់។ ផ្សារទំនើបសិនជូរីផ្លាហ្សានេះ នឹងក្លាយជាតំបន់ ឧស្សាហកម្ម, ពាណិជ្ជកម្ម, សេវាកម្ម និងតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់បម្រើឱ្យសេចក្ដីត្រូវការរបស់អតិថិជន៕




