លោកឧកញ៉ា ឃន ឈុនដារ៉ា ស្ថាបនិកក្រុមហ៊ុន KOI Thé Cambodia ដែលជាអ្នកជំនួញវ័យក្មេងលើផ្នែកសេវាកម្មពហុវិស័យ បានប្រកាសបើកលក់ហ្វ្រេនឆាយ (Franchise) លើម៉ាកផលិតផលចំនួន ៣ រួមមាន Belly Burger, Yellow Cab Pizza និង GēGē Kitchen កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។

លោកឧកញ៉ានាយកក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក បានលើកឡើងដូច្នេះថា៖ “យើងខ្ញុំមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង ក្នុងការប្រកាសអំពីការបើកលក់ហ្រ្វេនឆាយ (Franchise) ម៉ាករបស់យើងខ្ញុំ។ យើងខ្ញុំសូមចូលរួមអបអរសាទរដល់ម្ចាស់ហ្រ្វេនឆាយ ទាំងអស់លើការចុះហត្ថលេខាកិច្ចព្រមព្រៀងទិញសិទ្ធិបើកសាខា កាលពីថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ”។

សហស្ថាបនិក Tube Coffee រូបនេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់ហ្រ្វេនឆាយទាំងអស់ សម្រាប់ការទុកចិត្ត ជឿជាក់លើម៉ាក និងផលិតផលរបស់លោក។ លោកឧកញ៉ា បានបន្តថា តាមកម្មវិធីហ្រ្វេនឆាយនេះ ម៉ាកទាំងអស់ នឹងអាចបោះជំហានយ៉ាងរហ័ស ក្នុងការពង្រីកទីតាំងអោយបានច្រើន ដើម្បីបង្កើននូវភាពងាយស្រួល សម្រាប់អតិថិជនស្វែងរក និងទិញម្ហូបអាហារសជាតិដើមដ៏ឈ្ងុយឆ្ងាញ់។

ឧកញ៉ា ឃន ឈុនដារ៉ា បានបញ្ជាក់ឱ្យដឹងផងដែរថា Belly Burger គឺជាហាងបឺហ្គឺសមយ័ថ្មីបែបបឺហ្គឺ “សង្កត់”, Yellow Cab Pizza ជាហាងភីហ្សារសជាតិបែបទីក្រុងញូវយ៉ក ដែលសាកសមជាមួយនឹងមនុស្សជំនាន់ថ្មី ខណៈដែល GēGē Kitchen ជាភោជនីយដ្ឋានស៊ុបចិន ដែលផ្តល់ជូននូវអាហារចិនឆ្ងាញ់ៗ គុណភាពខ្ពស់ និងតម្លៃសមរម្យ៕
