កូនប្រុសឧកញ៉ាបណ្ឌិត លី ឆេង ២រូប ទទួលបានការតែងតាំងជា ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី

ជុំវិញ​ឧកញ៉ា

កូនប្រុសឧកញ៉ាបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប ចំនួន ២រូប គឺ​លោក លី ណាវុឌ្ឍ និង​លោក លី ប៊ុនឆៃ ​​​​ត្រូវ​បាន​ព្រះមហាក្សត្រ​ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​​ជា ទីប្រឹក្សា​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​ឋានៈស្មើ​ អនុរដ្ឋលេខាធិការ ដូចគ្នា កាលពី​​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក​ លី ណាវុឌ្ឍ

តាមរយៈព្រះរាជក្រឹត្យ ​​ដែល​មាន​ការតែងតាំង និង​ផ្តល់ឋានៈ​ទីប្រឹក្សា​ទីស្តីការគណៈរដ្ឋមន្ត្រី សរុប​ចំនួន ៦១​រូប​នោះ លោក​ លី ណាវុឌ្ឍ និង​លោក លី ប៊ុនឆៃ ​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា និង​​​ផ្តល់ឋានៈស្មើ អនុរដ្ឋលេខាធិការ និង​មាន​ងារ​ជា «ឯកឧត្តម» ដូចគ្នា។ លោក​ លី ណាវុឌ្ឍ បច្ចុប្បន្ន​ជា​អគ្គនាយករង នៃប៊ែលធី គ្រុប និងជា​សាកល​​វិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំណែកឯ​លោក លី ប៊ុនឆៃ ក៏​ជា​អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា នៅសាលសហសិក្សា នៃសាលា ប៊ែលធី អន្តរជាតិទី១០ (សាខា​អាងទឹកអូឡាំពិក) ​ដែល​សិស្ស​ភាគច្រើន​ស្គាល់​ច្បាស់​ថា ជា​គ្រូវិន័យ ដ៏ស្រស់សង្ហា។

លោក លី ប៊ុនឆៃ

សូម​ជម្រាប​ថា ឧកញ៉ាបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប បច្ចុប្បន្ន​​មាន​​តួនាទី​ជា​ អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា នីតិកាលទី៧។ លោកឧកញ៉ា ក៏​មានកូនប្រុស​​ម្នាក់ទៀត​ គឺ​លោក លី សុវណ្ណ ជា​អគ្គនាយករងនៃក្រុមហ៊ុន ប៊ែលធី គ្រុប និងជាម្ចាស់បុរី លី សុវណ្ណ ព្រម​ទាំង​ជា​​មន្ត្រី​នគរបាលជាន់ខ្ពស់​មួយ​រូប ក្នុង​ក្របខណ្ឌ​​មន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ​ ផងដែរ៕