អ្នកឧកញ៉ា គិត ម៉េង៖ ប្រសិនបើប្រទេសសមាជិកអាស៊ាន មិនអាចជ្រៀតចូលទីផ្សារធំៗបានទេ នោះកិច្ចព្រមព្រៀងអាសិប មិនមានតម្លៃឡើយ

ជុំវិញ​ឧកញ៉ា

ក្នុងឱកាសអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានចូលជួបពិភាក្សាជាមួយលោក H.E. Zulkifli Hasan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមប្រធានបទ ជម្រុញសក្តានុពលអាស៊ានតាមរយៈអាសិប នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចពិភាក្សានោះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា គន្លឹះសំខាន់គឺអាស៊ានត្រូវជំរុញពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់រវាងប្រទេសជាសមាជិក និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ជាពិសេស ការបន្សីគោលនយោបាយប្រទេសសមាជិកអាស៊ានឲ្យស៊ីសង្វាក់គ្នា និងសាមគ្គីគ្នា គឺត្រូវធ្វើការរួមគ្នាដើម្បីផលប្រយោជន៍អាស៊ាន។

អ្នកឧកញ៉ាបន្តថា ទីផ្សារអាសិប មានទំហំធំ ប៉ុន្តែប្រសិនបើប្រទេសសមាជិកអាស៊ាន មិនអាចជ្រៀតចូលទីផ្សារប្រទេសធំៗបានទេ នោះកិច្ចព្រមព្រៀងអាសិប មិនមានគុណតម្លៃឡើយ។

គួរបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចពិភាក្សាភាគីទាំងពីរក្នុងពេលនេះ គឺស្វែងរកយុទ្ធសាស្រ្តនានា ដើម្បីសម្រេចឲ្យបាននូវសក្តានុពលពេញលេញរបស់អាសិប ដោយបញ្ចូលនូវធាតុផ្សំសំខាន់ៗដែលជួយលើកកម្ពស់តួនាទីរបស់អាស៊ាននៅក្នុងកិច្ចព្រមព្រៀងមួយនេះ។ អាសិប មានគោលការណ៍ដូចគ្នានឹងអាស៊ាន គឺផ្តោតទៅលើការចូលរួមជាបរិយប័ន្ន និងផលប្រយោជន៍ទៅវិញទៅមក ដោយទទួលស្គាល់នូវភាពខុសគ្នានៃការអភិវឌ្ឍ និង តម្រូវការផ្សេងគ្នា របស់ប្រទេសជាសមាជិក។ អាសិប គឺជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំជាគេបង្អស់ក្នុងពិភពលោក ដែលគ្របដណ្តប់ប្រមាណ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ប្រទេសដែលជាសមាជិកនៃអាសិប មានចំនួន១៥ គឺប្រទេសអាស៊ានទាំង១០ និងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ ចិន ជប៉ុន និងកូរ៉េ ខាងត្បូង៕