ព្រះរាជក្រឹត្យថ្មី! បុគ្គលមានគោរមងារឧកញ៉ា មិនមានការផ្តល់ឋានៈស្មើណាមួយទៀតទេ

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញ​នេះ សម្តេច​វិបុល​សេនាភក្តី សាយ ឈុំ ក្នុង​ព្រះបរមនាម​និង​តាម​ព្រះរាជត្រាស់បង្គាប់​ ប្រមុខរដ្ឋស្តីទី តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ ស្តីពី​គោលការណ៍​សម្រាប់​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ នៅ​ក្នុង​អង្គការ​នីតិប្រតិបត្តិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​ទីប្រឹក្សា និង​ជំនួយការ​ទាំង​អស់ នៅ​ក្នុង​អង្គការ​នីតិ​ប្រតិបត្តិ (រួម​ទាំង​ថ្នាក់ដឹកនាំ​មក​ពី​​វិស័យឯកជន អ្នកឧកញ៉ា ឧកញ៉ា) លើក​លែង​តែ​ទីប្រឹក្សា និង​ជំនួយការ​របស់​ក្រុម​ប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ ឬ​យន្តការ​នានា​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវ​កំណត់​ដោយ​លិខិត​បទដ្ឋានគតិយុត្ត​ដោយ​ឡែក។

មាត្រា៥ នៃ​ព្រះរាជក្រឹត្យ​នេះ​ បាន​ចែង​ថា ការ​តែងតាំងជា​ទីប្រឹក្សា និង​ជំនួយការ​របស់​រាជរដ្ឋាភិបាល ព្រម​ទាំង​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រសួង និង​រដ្ឋលេខាធិការ​នានា ចំណុះ​រាជរដ្ឋាភិបាល ត្រូវ​អវត្តលក្ខខណ្ឌ​ដូចជា៖ បុគ្គល​ដែល​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សាភិបាល ឬ​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន ឬ​បុគ្គល​ដែល​ទទួល​បាន​គោរមងារ​ឧកញ៉ា អាច​ទទួល​​ការ​តែងតាំង​ជា​ទីប្រឹក្សា ឬ​ជំនួយការ​របស់​រាជរដ្ឋាភិបាល ឬ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ឬ​ក្រសួង-រដ្ឋលេខា​ធិការដ្ឋាន​នានា​ចំណុះ​រាជរដ្ឋាភិបាល​បាន ក្នុង​លក្ខខណ្ឌ​ដែល​មិន​មាន​ការ​ផ្តល់​ឋានៈស្មើ និង​ប្រាក់​បំណាច់​​កម្រិត​ណា​មួយ​ឡើយ

បន្ថែម​ពី​នេះ មានត្រា៦ បាន​ចែង​ថា បុគ្គល​ដែល​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សាភិបាល ឬ​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន ឬ​បុគ្គល​ដែល​ទទួល​បាន​គោរមងារ​ឧកញ៉ា អាច​ទទួល​​ការ​តែងតាំង​ជា​ទីប្រឹក្សា ឬ​ជំនួយការ​របស់​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ឬ​ទេសរដ្ឋមន្ត្រី ក្នុងលក្ខខណ្ឌ​ដែល​មិន​មាន​ការ​ផ្តល់​ឋានៈស្មើ និង​ប្រាក់​បំណាច់​​កម្រិត​ណា​មួយ​ឡើយ

ដូច្នេះ​ជា​រួម​មក ​តាម​រយៈ​ព្រះរាជក្រឹត្យ​ថ្មី​នេះ អ្នកឧកញ៉ា ឧកញ៉ា អាច​ទទួល​ការ​តែងតាំង​ជា​ទីប្រឹក្សា ឬ​ជំនួយការ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ឬ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បាន ប៉ុន្តែមិន​មាន​ការ​ផ្តល់​ឋានៈស្មើ និងប្រាក់​បំណាច់​មុខងារ ដូច​ពេល​មុន​នោះ​ទេ។ គួរ​បញ្ជាក់​ថា ព្រះរាជក្រឹត្យ​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​គោលការណ៍​ឋានានុក្រម​រដ្ឋបាល សំដៅ​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​ក្នុង​រដ្ឋបាលសាធារណៈ ក៏​ដូចជា លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​ទីប្រឹក្សា និង​ជំនួយការ នៅ​ក្នុង​អង្គការ​នីតិ​ប្រតិបត្តិ៕
​​