ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ បានឈ្នះពានរង្វាន់ចំនួន៣ ក្នុងកម្មវិធី Property Guru Cambodia Property Awards 2023 កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ រួមទាំងពានរង្វាន់ «អ្នកអភិវឌ្ឍន៍ល្អបំផុតក្នុងឆ្នាំ២០២៣»។
ក្នុងកម្មវិធី PropertyGuru Cambodia Property Awards លើកទី៨ ដែលប្រារព្វធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ក្រុមហ៊ុន អូស៊ីអាយស៊ី បានឈ្នះពានរង្វាន់ចំនួន៣ រួមមាន ពានរង្វាន់ Best Developer 2023 (អ្នកអភិវឌ្ឍន៍ល្អបំផុតក្នុងឆ្នាំ២០២៣) និងពានរង្វាន់២ទៀត សម្រាប់គម្រោងខុនដូ Diamond Bay Garden គឺពានរង្វាន់ Best Waterfront Condo 2023 (ខុនដូមាត់ទឹកល្អបំផុតក្នុងឆ្នាំ២០២៣) និងពានរង្វាន់ Best Condo Development 2023 (អ្នកអភិវឌ្ឍន៍ខុនដូល្អបំផុតក្នុងឆ្នាំ២០២៣)។ ពានរង្វាន់ទាំងនេះ បានបង្ហាញពីការទទួលស្គាល់ពីការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់ក្រុមហ៊ុន OCIC សម្រាប់ការបង្កើតតម្លៃ ការច្នៃប្រឌិត និងការយកចិត្តទុកដាក់លើអតិថិជន និងការរួមចំណែកដល់ការវិនិយោគ ជួយជំរុញភាពរីកចម្រើននៃអចលនទ្រព្យនៅកម្ពុជា។
ក្រោយឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពទាំង៣នេះ លោក Thierry TEA អនុប្រធានរបស់ក្រុមហ៊ុន OCIC បានលើកឡើងថា៖ “ការទទួលបានកេរ្តិ៍ឈ្មោះជា «អ្នកអភិវឌ្ឍន៍ល្អបំផុតក្នុងឆ្នាំ២០២៣» គឺជាការទទួលស្គាល់ជាសមិទ្ធផលមួយដ៏មហិមា សម្រាប់អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ដែលជាស្ថាបនិករបស់ក្រុមហ៊ុនទាំងមូល ដោយបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ របស់អ្នកឧកញ៉ា ក្នុងការកែតម្រូវអភិវឌ្ឍន៍បែបស្តង់ដារ នៅក្នុងប្រទេសកម្ពុជារយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ”។
សូមជម្រាបថា ក្រុមហ៊ុន អូស៊ីអាយស៊ី គ្រុប ជាក្រុមហ៊ុនពហុវិស័យមួយនៅកម្ពុជា ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ និងអាជីវកម្មលើវិស័យជាច្រើនដូចជា ការអភិវឌ្ឍន៍អចលនទ្រព្យ អចលនទ្រព្យ ការអប់រំ ការថែទាំសុខភាព បដិសណ្ឋារកិច្ច អាកាសយានដ្ឋាន សំណង់ និងវិស្វកម្ម ការលក់រាយ ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត។ គម្រោងធំៗរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី គ្រុប នាពេលបច្ចុប្បន្នរួមមាន ព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ ទីក្រុងកោះពេជ្រ ទីក្រុងកោះនរា ទីក្រុងរណបជ្រោយចង្វារ ទីក្រុងអូឡាំព្យា បុរីសាន់វេ បុរីចំការមន បុរីបាសាក់ហ្គាឌិន និងខុនដូ Diamond Bay Garden ជាដើម-ល-៕