អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប (World Bridge Group) កាលពីពេលថ្មីៗកន្លងទៅនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររួមគ្នា ជាមួយក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group ដែលជាសហគ្រាសពាណិជ្ជកម្ម និងធុរកិច្ចកំពូលមួយរបស់ប្រទេសចិន។

កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដែលធ្វើឡើងនៅទីក្រុង Yiwu ប្រទេសចិននេះ គឺមានគោលដៅបង្កើនប្រសិទ្ធភាពពាណិជ្ជកម្មរវាងក្រុង Yiwu និងកម្ពុជា ក្នុងបំណងបង្កើនការបំពេញបន្ថែមលើវិស័យឧស្សាហកម្ម ការផ្គត់ផ្គង់ និងគុណតម្លៃ នៃខ្សែសង្វាក់ពាណិជ្ជកម្ម រវាងតំបន់ទាំងពីរ។
អ្នកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយកម្ពុជាក្នុងការលើកកម្ពស់បន្ថែមទៀត នូវយុទ្ធសាស្ត្រសម្រាប់ «ម៉ាកយីហោពាណិជ្ជកម្មសកល» (Global Branding) នៅក្រៅប្រទេស និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា និងបណ្តាប្រទេសអាស៊ានដទៃទៀត។

ជាមួយគ្នានេះ លោក Zhao Wenge បានថ្លែងដូច្នេះថា៖ «យើងមានទំនុកចិត្តយ៉ាងប្រាកដថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សម្រាប់ភាគីទាំងពីរ ហើយយើងអាចនឹងបង្កើតស្ថានភាព “ឈ្នះ-ឈ្នះ” រួមគ្នា សម្រាប់ព្រះរាជាណាចក្រកម្ពុជា ចិន និងទូទាំងពិភពលោក»។
គួរបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ ជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន Worldbridge Group និង Zhejiang Yiwu Small Commodity City Group ហើយកិច្ចព្រមព្រៀងនេះ ជាសញ្ញានៃទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ រវាងកម្ពុជា និងចិន ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍ នៃប្រទេសទាំងពីរ៕
