លោកស្រីឧកញ៉ា ប៊ុន ណារី អគ្គនាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ បានប្រកាសផ្ទេរតំណែង «អគ្គនាយិកា» សាលាញូវហ្គេតវ៉េអន្តរជាតិ ទៅឱ្យចៅស្រីរបស់ខ្លួនឈ្មោះ ណា អេនជីលីណារចនា (Angelina) នាពេលអនាគត។
ការប្រកាសផ្ទេរអ្នកស្នងតំណែងដ៏ធំ នាពេលអនាគតនេះ គឺធ្វើឡើងក្នុងពិធីខួបកំណើត កញ្ញា ណា អេនជីលីណារចនា វ័យ១៨ឆ្នាំ ដែលជាចៅស្រីសំណព្វចិត្តរបស់លោកស្រី ឧកញ៉ា ប៊ុន ណារី និងជាក្មេងស្រីឆ្លាតពូកែមួយរូប នៅមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ឈូកមាស កាលពីថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣។
លោកស្រីឧកញ៉ា អគ្គនាយិកាមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ឈូកមាស និងជាអគ្គនាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ បានថ្លែងលើវេទិកាយ៉ាងដូច្នេះថា៖ “រីករាយថ្ងៃកំណើតចៅស្រី ជាទីស្រឡាញ់របស់ខ្ញុំ ហើយជាអ្នកស្នងតំណែងអគ្គនាយិកាសាលាញូវហ្គេតវ៉េទៅថ្ងៃមុខ។ សូមឱ្យចៅរឹងមាំ ឱ្យចៅបានជោគជ័យ និងសូមឱ្យចៅខ្លាំងជាងម៉ាក់យាយទៀត។ សូមឱ្យចៅមានសំណាងល្អ អាយុវែង”។
សូមជម្រាបថា សាលាញូវហ្គេតវ៉េអន្តរជាតិ ជាសាលាមួយដែលមានកម្មវិធីសិក្សា៖ ចំណេះទូទៅភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ចាប់ពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ។ សាលាញូវហ្គេតវ៉េអន្តរជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដោយឧកញ៉ា ប៊ុន ណារី ដែលមានបទពិសោធន៍ក្នុងតួនាទីជាអ្នកដឹកនាំ ទាំងកម្រិតក្នុងស្រុក និងអន្តរជាតិ រយៈពេលជាង ៣០ឆ្នាំ និងបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីប្រទេសអង់គ្លេស។ បច្ចុប្បន្នសាលាញូវហ្គេតវ៉េអន្តរជាតិ របស់ឧកញ៉ា ប៊ុន ណារី មាន២សាខា ដែលសាខាទី១ ស្ថិតនៅផ្លូវ ១៥៦ កែងផ្លូវ ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា និងសាខាទី២ នៅផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕