សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យតាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់ឧកញ៉ា សុខ ស្រស់ រួមនឹងពាណិជ្ជរមានគោរមងារឧកញ៉ាស្រាប់ចំនួន ៣រូបទៀត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

ព្រះរាជក្រឹត្យផ្តល់គោរមងារអ្នកឧកញ៉ា ដល់ឧកញ៉ា សុខ ស្រស់ រួមទាំងឧកញ៉ា ៣ទៀត ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីកម្ពុជា។
ឧកញ៉ា សុខ ស្រស់ ជាដៃស្តាំអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។ បច្ចុប្បន្នជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តកណ្តាលនិងខេត្តកំពង់ឆ្នាំង។
អ្នកឧកញ៉ា សុខ ស្រស់ តែងតែបង្ហាញវត្តមានស្ទើរគ្រប់ដំណើរបំពេញបេសកកម្មនៅប្រទេសអមអ្នកឧកញ៉ា គិត ម៉េង។ ក្នុងកិច្ចប្រជុំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលមានប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមនោះ ក៏ឃើញមានវត្តមានអ្នកឧកញ៉ា សុខ ស្រស់ ផងដែរ៕


