ក្រសួងឧស្សាហកម្ម ចេញប្រកាសទទួលស្គាល់ ឧកញ៉ា៤រូប ជាសមាសភាពក្រុមប្រឹក្សាភិបាល សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា

ជុំវិញ​ឧកញ៉ា

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​​​​បាន​ចេញ​ប្រកាស​​​ទទួល​ស្គាល់​សមាសភាព​ក្រុមប្រឹក្សាភិបាល ការិយាល័យប្រតិបត្តិ អគ្គលេខាធិការដ្ឋាន ហេរញ្ញឹក និង​ហេរញ្ញឹក​រង របស់​​សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា អាណត្តិទី៤ នីតិកាលទី២ ឆ្នាំ២០២៣-២០២៨ ​​កាលពី​​ថ្ងៃទី០៧ ខែកញ្ញា ​ម្សិលមិញ​នេះ ដោយ​ក្នុង​នោះ​សមាសភាព​ក្រុមប្រឹក្សាភិបាល គឺ​មាន​ឧកញ៉ា​ចំនួន ៤រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​រយៈ​ប្រកាស​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាភិបាល​សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា អាណត្តិទី៤ នីតិកាលទី២ គឺ​មាន​ចំនួន ១៨​រូប ​​ក្នុង​នោះ​មាន​​ឧកញ៉ា​ចំនួន​ ៤រូប រួមមាន៖ លោកស្រីឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល, លោកឧកញ៉ា ឃាង ពុទ្ធី អនុប្រធាន, លោកស្រី​ឧកញ៉ា ចាង សុខគីម អនុប្រធាន និង​លោក​ឧកញ៉ា អ៊ុច សោភ័ណ សមាជិក។

គួរ​រំឭក​ថា លោកស្រីឧកញ៉ា កែវ មុំ ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​ លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី ​​ត្រូវ​​បាន​​សមាជិកក្រុមប្រឹក្សាភិបាលនៃសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ​​បោះឆ្នោត​គាំទ្រ​ឱ្យ​ជាប់​ជា ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ក្នុងអាណត្តិទី៤ នីតិកាលទី២ ​​កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៥។ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ​​មាន​វិសាលភាព​ទូទាំង​ប្រទេសកម្ពុជា ហើយ​ដែល​ធ្វើ​សកម្មភាព​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​​ដល់​មុខរបរ និងមីក្រូសហគ្រាស ក្នុង​គោលបំណង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច ជួយ​បង្កើត​ធនធានមនុស្ស និង​ការ​បង្កើត​អាជីវកម្ម​ តាម​រយៈ​មុខរបរ និង​ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​នៅ​ព្រះរាជាណាចក្រកម្ពុជា។ ក្រុមប្រឹក្សាភិបាល ​សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ​​មាន​អាណត្តិ ៥ឆ្នាំ៕​​