លោកឧកញ៉ា ភួ ពុយ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានក្រុមហ៊ុនកែច្នៃអង្ករបៃតងកម្ពុជា កាលពីថ្ងៃទី៦ ខែកញ្ញា បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ជាមួយលោក លោកស្រី ជាសមាជិក និងម្ចាស់រោងចក្រកែច្នៃស្រូវអង្ករធំៗ ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ លើបញ្ហាធ្លាក់ថ្លៃស្រូវស្រាលនៅដើមរដូវ។
លោកឧកញ៉ា បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ យ៉ាងដូច្នេះថា៖ “ម្សិលមិញនេះ យើងបានជួបពិភាក្សាគ្នានៅស្រុកបវេល និងស្រុកសង្កែ។ ក្រោយពេលជួបប្រជុំគ្នា យើងបានដាក់ចេញផែនការចូលរួមជួយពួកគាត់ ទី១ សុំឱ្យពួកគាត់ប្រមូលផ្តុំនៃការលក់ ទទួលព័ត៌មានពីអាជ្ញាធរភូមិឃុំ ទាក់ទងជាមួយក្រុមហ៊ុនទិញស្រូវដោយផ្ទាល់ពីរោងចក្រ។ យើងបានកំណត់តម្លៃទិញតាមស្រែគោលដៅ ប្រភេទស្រូវស្រង៉ែ ក្នុងតម្លៃ ១,១៥០,០០០រៀលក្នុងមួយតោន រីឯសម្រាប់ប្រភេទស្រូវក្រអូប ក្នុងតម្លៃ ១០.៦បាតក្នុងមួយគីឡូក្រាម”។
ឧកញ៉ា ភួ ពុយ បន្តថា ដូច្នេះបងប្អូនយើង នៅតាមតំបន់មួយចំនួន បានរៀបចំនៅតាមឃុំ ដើម្បីឱ្យក្រុមការងារតាមរោងម៉ាស៊ីនចុះទៅទិញ។ ដើម្បីបន្ថែមការទប់ស្កាត់ការចុះថ្លៃនេះ លោកបានអញ្ជើញតំណាងរោងម៉ាស៊ីនកិនស្រូវ នៅខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ មួយចំនួនធំ ដែលជាក្រុមហ៊ុនកែច្នៃអង្ករ មកចូលរួមប្រជុំ ដើម្បីសំណូមពរដល់រោងម៉ាស៊ីនទាំងនោះ ធ្វើម៉េចឱ្យការទិញស្រូវពីប្រជាពលរដ្ឋ កុំឱ្យក្រោមតម្លៃកំណត់ខាងលើ ហើយរោងម៉ាស៊ីនទាំងនោះ នឹងប្រមូលទិញស្រូវជារៀងរាល់ថ្ងៃ ក្នុងមួយរោងម៉ាស៊ីន ចន្លោះពី ៥០០តោនទៅ ២០០០តោន។
ចំពោះស្រូវនៅតាមតំបន់សេសសល់ផ្សេងទៀត ឬតំបន់ឆ្ងាយៗខ្លះ លោកឧកញ៉ា យល់ថាអាចមានតម្លៃមិនទាន់បានស្មើ ប្រហាក់ប្រហែល ឬតម្លៃទាបជាងនេះ ប៉ុន្តែតម្លៃទាបនោះ ករណីខ្លះស្រូវមិនសូវមានគុណភាពល្អ។ លោកឧកញ៉ា បន្ថែមថា ទោះយ៉ាងណាបើប្រៀបធៀបទៅនឹងឆ្នាំមុន តម្លៃស្រូវខ្ពស់បំផុតត្រឹម ១,០០០,០០០រៀលប៉ុណ្ណោះក្នុងមួយតោន ហើយតម្លៃនេះ ក៏ថ្លៃជាងរាប់ឆ្នាំមុនៗទៀតដែរ។ សម្រាប់តម្លៃខាងលើនេះ លោកឧកញ៉ា យល់ថាគឺស្របតាមតម្លៃអង្ករលើទីផ្សារអន្តរជាតិ ហើយក៏ជាតម្លៃមួយសមស្របទាំងអ្នកនាំចេញអង្ករ និងកសិករផលិតស្រូវផងដែរ។
គួរបញ្ជាក់ថា រយៈពេលប្រមាណមួយសប្តាហ៍ចុងក្រោយនេះ តម្លៃស្រូវនៅតាមបណ្តាខេត្តមួយចំនួន មានការធ្លាក់ថ្លៃជាបន្តបន្ទាប់ ដោយសារមានឈ្មួញខិលខូចឆ្លៀតឱកាសបង្អាប់តម្លៃស្រូវពីកសិករក្រោមហេតុផលផ្សេងៗ និងកេងចំណេញ ដោយថាទិញយកទៅលក់ឱ្យក្រុមហ៊ុនកែច្នៃស្រូវអង្ករ។ បញ្ហានេះ បានធ្វើឱ្យប្រជាកសិករ មានក្តីបារម្ភយ៉ាងខ្លាំង ខណៈដែលពួកគាត់បានចំណាយយ៉ាងច្រើនទៅលើជី ដែលមានតម្លៃខ្ពស់ រួមទាំងសម្ភារ:ក្នុងការថែទាំផ្សេងៗ និងបានស្នើសុំឱ្យមន្ត្រីពាក់ព័ន្ធជួយអន្តរាគមន៍៕