ឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ក្រោមនិមិត្តសញ្ញាពាណិជ្ជកម្ម “លី ហួរ វេរលុយ” កាលពីពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងចាប់ដៃគូសហការពង្រីកសេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ MoneyGram ដែលជាក្រុមហ៊ុនឈានមួយមុខគេលើពិភពលោក ក្នុងវិស័យទូទាត់ប្រាក់ឌីជីថល និងជាក្រុមហ៊ុនផ្តល់សេវាទូទាត់ភ្លាមៗលំដាប់ពិភពលោក។
កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនេះ ធ្វើឱ្យប្រជាជនកម្ពុជាដែលកំពុងរស់នៅក្រៅប្រទេស អាចធ្វើការផ្ញើប្រាក់ត្រឡប់មកកាន់ប្រទេសកម្ពុជាបានយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ ហើយរហ័សទៅដល់ក្រុមគ្រួសាររបស់ពួកគេ តាមរយៈការប្រើប្រាស់ MoneyGram។ ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី បានធ្វើការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាជាមួយក្រុមហ៊ុន MoneyGram ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់អ្នកផ្ញើប្រាក់ក្នុងការផ្ទេរប្រាក់មកកាន់គណនីអ្នកទទួលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធទូទាត់បាគង។
ឧកញ៉ា លី សុភាព អនុប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ បានថ្លែងឱ្យដឹងថា សេវាកម្មថ្មីនេះមានភាពងាយស្រួលបំផុត គឺថាគ្រាន់តែផ្តល់ព័ត៌មានរបស់អ្នកទទួល ដូចជាឈ្មោះធនាគារ និងលេខគណនីធនាគារប៉ុណ្ណោះ បន្ទាប់មកទៀត អ្នកទទួលគឺសើ្ទរតែអាចដកប្រាក់បានភ្លាមៗតាមរយៈគណនីធនាគារបស់គាត់ ហើយសេវាថ្មីនេះគឺមានភាពងាយស្រួល រហ័ស និងតម្លៃសមរម្យផងដែរ៕