អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាប្រធានសភាមុខរបរ និង មីក្រូសហគ្រាស-កម្ពុជា យល់ថាអ្នកដែលមានទុនវិនិយោគធំៗ គួរសម្លឹងមើលឱកាសវិនិយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា ដើម្បីផលិត និងកែច្នៃផលិតផលកសិកម្ម សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស។

ឧកញ៉ា កែវ មុំ បានបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់អ្នកដែលមានទុនច្រើន ឬអ្នកវិនិយោគដែលមានជំនាញពិតប្រាកដ ពាក់ព័ន្ធនឹងកសិកម្ម ពិនិត្យលទ្ធភាពវិនិយោគទៅលើវិស័យនេះ ព្រោះកាលៈទេសៈនេះ អាចជាពេលវេលាដែលល្អបំផុតក្នុងការចាប់ផ្តើមវិនិយោគ ក្នុងពេលដែលពិភពលោកកំពុងខ្វះស្បៀងអាហារផងដែរ។ ដូច្នេះការវិនិយោគទៅលើដំណាំកសិកម្ម គឺជាការវិនិយោគមួយដែលត្រឹមត្រូវ និងល្អ។

លោកស្រីឧកញ៉ា បានបន្ថែមថា កម្ពុជាជាប្រទេសដែលមានអំណោយផល និងសក្តានុពលក្នុងការធ្វើកសិកម្ម ដោយសារដីមានគុណភាព មានជីវជាតិល្អ និងគ្មានគ្រោះធម្មជាតិធំៗ ដែលផ្តល់ឱកាសទៅលើការវិនិយោគ ដាំដុះដំណាំកសិឧស្សាហកម្ម។ ជាមួយគ្នានេះ កសិផលរបស់កម្ពុជាចំនួន ត្រូវបានគេចាត់ទុកថា មានគុណភាពផងដែរ ដូចជា អង្ករជាប់ចំណាត់ថ្នាក់លេខ១ ស្វាយចន្ទី ជាប់ចំណាត់ថ្នាក់លេខ១ ម្រេច និងមានកសិផលផ្សេងៗជាច្រើនទៀត ដែលយើងអាចយកទៅប្រកួតប្រជែងនៅលើទីផ្សារពិភពលោកបាន។
ចំណែកឯអ្នកឧកញ៉ា លឹម ហេង ក៏មានប្រសាសន៍មិនខុសគ្នាប៉ុន្មាននោះដែរ ដោយលោកបានលើកឡើងថា ក្នុងស្ថានភាពនេះ ជាឱកាសមួយសម្រាប់អ្នកវិនិយោគក្នុងស្រុកក្នុងការងាកមកជ្រើសរើសការវិនិយោគលើវិស័យកសិកម្ម ស្របពេលដែលរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញនូវគោលនយោបាយទ្រទ្រង់សេដ្ឋកិច្ចក្រោយកូវីដ១៩ ដោយផ្តោតលើវិស័យកសិកម្ម និងបានបង្កើតប៉ូលសេដ្ឋកិច្ចពិសេសទី៤ នៅប៉ែកពាយព្យទៀតផង។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា កន្លងមកអ្នកវិនិយោគចាប់អារម្មណ៍ច្រើនទៅលើវិស័យអចលនទ្រព្យ ប៉ុន្តែនាពេលបច្ចុប្បន្ននេះវិស័យអចលនទ្រព្យស្ថិតក្នុងភាពមិនសូវល្អប្រសើរ ដូច្នេះបើសិនជាអ្នកមានទុន អាចងាកមកចាប់យកឱកាសវិនិយោគវិស័យកសិកម្មវិញ គឺជាឱកាសល្អ ដើម្បីចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ តាមវិស័យកសិកម្ម៕