លោកស្រីឧកញ៉ា ៣រូប ដែលជាកូនស្រីរបស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បាននាំយកអំណោយរបស់ឪពុកខ្លួន ផ្តល់ជូនដល់កុមារកំព្រា និងកុមារមានបញ្ហាសុខភាពកំពុងត្រូវការជំនួយ នៅចំនួន ១៤ទីតាំង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។
តាមការបង្ហាញរបស់ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានឱ្យដឹងថា កាលព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំនិងក្រុមការងារបាននាំយកអំណោយ សប្បុរសធម៌របស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប រួមមាន គ្រឿងឧបភោគ បរិភោគនិងថវិកា ផ្តល់ជូនដល់កុមារកំព្រា និងកុមារមានបញ្ហាសុខភាពកំពុងត្រូវការជំនួយឧបត្ថមជាចាំបាច់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ នៅមណ្ឌលកុលាបទី៤ និងមណ្ឌលផ្សេងៗទៀតសរុប ចំនួន ១៤ទីតាំង។
សូមជម្រាបថា ពិធីចែកអំណោយជូនកុមារកំព្រាខាងលើនេះ គឺមានការចូលរួមពីលោកស្រីឧកញ៉ា សុខ ចន្ថា ជាកូនស្រីទី៤ របស់អ្នកឧកញ៉ា សុខ គង់, លោកស្រីឧកញ៉ា សុខ ចន្ធី ជាកូនទី៥, លោកស្រីឧកញ៉ា សុខ ចន្ធូ ជាកូនទី៦ និងស្វាមីរបស់លោកស្រី គឺលោកឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រួមជាមួយនឹងក្រុមការងារមួយចំនួនទៀតផងដែរ៕