ពីក្មេងដើរទូលនំបុ័ងលក់ ឧកញ៉ា ហួត អៀងតុង តស៊ូរហូតក្លាយជាម្ចាស់ធនាគារ ហត្ថា

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ហួត អៀងតុង ស្ថាបនិក និងជា​ប្រធានអគ្គនាយក​ធនាគារ ហត្ថា ​ធ្លាប់​មាន​ប្រវត្តិក្រខ្សត់​​​កាល​នៅ​កុមារភាព​ និង​​​ធ្លាប់​ជា​ក្មេង​ដើរ​ទូលនំបុ័ងលក់ ប៉ុន្តែ​បាន​ខិតខំ​សិក្សារៀនសូត្រ ​​ដើម្បី​ឈាន​ចាប់​បាន​ឱកាស​​ការងារ​មួយ​ចំនួន ​​រហូត​ក្លាយ​ខ្លួន​ជា​ម្ចាស់ធនាគារពាណិជ្ជ​ដ៏​ឈាន​មុខ​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ហួត អៀងតុង បាន​ថ្លែង​ឱ្យដឹង​​​ តាម​រយៈ​បទសម្ភាសន៍​មួយ កាលពី​ពេលថ្មីៗ​កន្លង​ទៅ​ថា លោក​មាន​ស្រុក​កំណើត​នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលជាស្រុកព្រៃភ្នំក្រំថ្មមួយ មានចម្ងាយប្រមាណ​ជាង ៣០គីឡូម៉ែត្រ ពី​ទីរួមខេត្តពោធិ៍សាត់។ នៅពេលដឹងក្តីចូលរៀន អាយុប្រហែល៧ឆ្នាំ លោក​បាន​ទៅ​រស់នៅ​និង​សិក្សា​នៅ​​ទីរួមខេត្ត​ពោធិ៍សាត់ ហើយ​នៅ​ពេល​នោះ​ លោក​​រស់នៅ​ជាមួយ​ម្តាយមីង ដែល​​​មាន​មុខរបរ​ដុត​នំបុ័ង​លក់ ហើយ​លោក​​ត្រូវ​ជួយ​ធ្វើ​នំបុ័ង​ម្តាយមីង​នៅ​ពេល​យប់ និង​ដើរ​ទូល​នំបុ័ង​លក់​នៅ​ពេល​​ទាបភ្លឺ និង​ដើរ​ទូលលក់​តាម​ស្ថានីយ៍​រថភ្លើង។

សម្រាប់​ការ​សិក្សា​ថ្នាក់​បាក់ឌុប គឺ​​លោក​បាន​រាជរដ្ឋាភិបាល​ជួយ​ផ្តល់​អាហារូបករណ៍​ឱ្យ​ នៅ​ឆ្នាំ១៩៨៣។ បន្ទាប់​មក​ លោក​​បាន​មក​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​កសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយ​នៅ​តែ​បាន​​ការ​ជួយ​អាហារូបករណ៍​ពី​រាជរដ្ឋាភិបាល​ដដែល និង​​​បាន​បញ្ចប់​បរិញ្ញាបត្រ​ នៅ​ឆ្នាំ១៩៩១។ ពេល​ចប់​ពី​​សាកលវិទ្យាល័យកសិកម្ម​ហើយ ក៏​រាជរដ្ឋាភិបាល​ផ្តល់​ឱកាស​ឱ្យ​ធ្វើ​ជា​មន្ត្រី​រាជការ​ ​នៅ​មន្ទីរ​កសិកម្ម​ ខេត្ត​ពោធិ៍សាត់ ហើយ​ពេល​នោះ​មាន​អង្គការ​មួយ​មក​ពី​ប្រទេស​កាណាដា ​មក​ចាប់​ផ្តើម​រៀបចំ​ការ​អភិវឌ្ឍ​នៅ​ខេត្ត​ពោធិ៍សាត់ និង​បាន​ជ្រើសរើស​រូប​លោក​ ជា​មន្ត្រី​ជំនួយការ។ ពេល​នោះ​ លោក​​ធ្វើការ​ជា​មន្ត្រីកសិកម្ម​ផង និង​ធ្វើ​ជា​ជំនួយការ​​ឱ្យ​អង្គការ​កាណាដា​ផង។

លោក​ឧកញ៉ា បាន​បន្ត​ថា រហូត​ដល់​ឆ្នាំ១៩៩៥ លោក​យល់​ឃើញ​ថា កម្មវិធី​ឥណទាន​ គឺជាកម្មវិធីមួយ​ល្អ​ខ្លាំង​មែនទែន ដែល​លោក​​ស្រឡាញ់ ហើយ​ជាកម្មវិធី​មួយ​ដែល​​ប្រជាពលរដ្ឋខ្មែរ​ ត្រូវការ​យូរអង្វែង​ទៅមុខ ដូច្នេះ​លោក​ក៏​ជម្រាប​ទៅ​នាយកគម្រោង​របស់​អង្គការ​​ថា លោក​សុំ​ឈប់​ធ្វើ​ជា​ជំនួយការ​ទៀត​ហើយ ហើយ​​សុំ​ទទួល​ខុសត្រូវ​ធ្វើ​​តែ​គម្រោង​ឥណទាន​មួយ​ទេ។ ដូច្នេះ​ខាង​អង្គការ​ក៏​ទទួល​យក​សំណើ​របស់​លោក និង​ឱ្យ​​លោក​កាន់​ការងារ​តែ​ខាង​ឥណទាន​តែ​មួយ​មុខ។ នៅ​ឆ្នាំ១៩៩៦ លោក​​ក៏​សុំ​ផ្តាច់​ចេញ​ពី​គម្រោង​អង្គការ​ទាំង​ស្រុង​ និង​បាន​បង្កើត​អង្គការ​ខ្លួន​ឯង​មួយ ​​ដោយ​ដាក់​ឈ្មោះ​ថា អង្គការ​ហត្ថាកសិករ ដែល​យើង​ធ្វើការ​ផ្តល់​សេវា​ឥណទាន​ជូន​ប្រជាពលរដ្ឋ​របស់​យើង និង​បាន​ចុះបញ្ជី​ជា​អង្គការ​ក្នុងស្រុក​នៅ​ក្រសួងមហាផ្ទៃ។

ក្រោយ​មក​ អង្គការ​មួយ​នេះ​ ​បាន​ពង្រីក​ខ្លួន​បន្តិចម្តងៗ នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ដូចជា​ខេត្ត​កំពង់ធំ សៀមរាប ខេត្តបន្ទាយមានជ័យ ជាដើម។ រហូត​ដល់ឆ្នាំ២០០០ ធនាគារជាតិកម្ពុជា ក៏​បាន​ចេញ​ច្បាប់​មួយ​ថា គ្រប់​អង្គការ​ឥណទាន ចាំបាច់​ត្រូវ​តែ​បំលែង​​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​ឯកជន លោក​ក៏​ចាប់​ផ្តើម​រៀបចំ​ប្រែ​ក្លាយ​ខ្លួន​មក​ជា​ក្រុមហ៊ុន​ឯកជន ដោយ​ពេល​នោះ​មាន​ការ​លំបាក​យ៉ាង​ច្រើន ព្រោះ​ត្រូវការ​រក​អ្នកចូលហ៊ុន ធ្វើ​យ៉ាងណា ឱ្យ​មាន​អ្នក​ចូល​រួម​ភាគហ៊ុន​បន្ថែម។ រហូត​ដល់​ឆ្នាំ២០០១ ទើប​​លោក​បាន​បង្កើត​បាន​ជា​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាផ្លូវការ ដោយ​បាន​ចូលហ៊ុន​ជាមួយ​អង្គការ​របស់​បារាំង​មួយ និង​បាន​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់។

នៅឆ្នាំ២០១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បាន​បំលែង​ខ្លួន​ម្តង​ទៀត​ ទៅ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើសន្សំ និង​បាន​ពង្រីក​ខ្លួន​កាន់​តែ​ធំ។ ដល់ឆ្នាំ២០១៦ លោក​​ក៏​បាន​​ចុះកិច្ចព្រមព្រៀង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ជាមួយ​នឹង​ម្ចាស់​ភាគហ៊ុន​ក្រៅប្រទេស​ធំ​មួយ​ទៀត​គឺ​ ធនាគារ ក្រុងស្រ៊ី របស់​ប្រទេស​ថៃ ​​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ជប៉ុន ​ជា​ម្ចាស់ក្រុមហ៊ុន​ហិរញ្ញវត្ថុ គ្រុប ​ដ៏​ធំមួយ​​នៅ​ជប៉ុន។ ក្រោយ​កិច្ចសហការ​ចូល​ហ៊ុន​នេះ លោក​ឧកញ៉ា​បាន​បំលែង​ខ្លួន​មក​ជា ធនាគារ​ពាណិជ្ជកម្ម (ធនាគារ ហត្ថា) នៅ​ឆ្នាំ២០២០។

លោកឧកញ៉ា ហួត អៀងតុង មានបទពិសោធន៍ច្រើនជាង ៣០ឆ្នាំ លើវិស័យហិរញ្ញវត្ថុ ​ដែលជាកត្តាធ្វើឱ្យលោក​ក្លាយជាប្រតិបត្តិករយ៉ាងប៉ិនប្រសប់​ទាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុនៅក្នុងស្ថាប័ន។ បន្ទាប់ពី​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញកសិកម្មនៅឆ្នាំ ១៩៩១ លោកក៏បានបញ្ចប់ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​រដ្ឋបាល និងគ្រប់គ្រងអាជីវកម្ម។ ជាពិសេស លោកឧកញ៉ា​ ក៏​ធ្លាប់ចូលរួមសិក្ខា​សាលាជាច្រើន នៅក្រៅ​ប្រទេស​ពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ ដូចជានៅប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី បារាំង អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត៕​