ជំនួបជាមួយឧកញ៉ាថៅកែទូរទស្សន៍មួយ លោក នេត្រ ភក្រ្តា ប្រាប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាព

ជុំវិញ​ឧកញ៉ា

«កម្រិតនៃចំណេះដឹងនិងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាព ដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព»។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងជំនួបពិភាក្សាការងារជាមួយឧកញ៉ា សុខ ចំរើន អគ្គនាយកទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ (ភីភីស៊ីធីវី) ខូអិលធីឌី និងទូរទស្សន៍ CTV8 នៅព្រឹកថ្ងៃទី១២កញ្ញានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានខ្លឹមសារគឺជាកត្តាសំខាន់សម្រាប់ស្ថាប័នព័ត៌មាននីមួយៗក្នុងការទាក់ទាញអតិថិជនអ្នកអាននិងអ្នកទស្សនារបស់ខ្លួន។កាលពីអតីតកាល ប្រព័ន្ធផ្សព្វផ្សាយបុរាណ លោក បានរំលេចថា បានដើរតួនាទីសំខាន់ក្នុងការបញ្ជ្រាបព័ត៌មានជូនសាធារណៈ ហើយប្រព័ន្ធផ្សព្វផ្សាយជាអ្នកកំណត់ខ្លឹមសារដល់អ្នកទស្សនានិងអ្នកស្តាប់របស់ខ្លួន ប៉ុន្តែក្នុងពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ និងពលរដ្ឋមានសេរីភាពពេញលេញក្នុងការបង្កើតខ្លឹមសារ និងស្វែងរកខ្លឹមសារសម្រាប់ខ្លួនឯង នោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវយកចិត្តទុកដាក់លើខ្លឹមសារដែលឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ។

បន្ថែមទៀតនោះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ពីការពង្រឹងលើសមត្ថភាពរបស់អ្នកសារព័ត៌មានតាមរយៈការបើកវគ្គបណ្តុះបណ្តាលវិក្រឹត្យការបំប៉នសមត្ថភាពបន្ថែមដល់អ្នកសារព័ត៌មានដើម្បីមានមូលដ្ឋានរឹងមាំក្នុងការផលិតនិងសរសេរអត្ថបទព័ត៌មានដែលមានគុណភាពផងដែរ៕