ឧកញ៉ា តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន (Western University) កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា បានទទួលគណៈប្រតិភូ និងពិភាក្សាការងារជាមួយតំណាងសាកលវិទ្យាល័យ GUIZHOU University មកពីប្រទេសចិន ក្នុងគោលបំណងសហការជាមួយគ្នា រយៈពេលយូរអង្វែងតទៅមុខ។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានឈានទៅរកការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលខាងមុខ ដូចជាការងារបណ្តុះបណ្តាលភាសាចិន នៅសាកលវិទ្យាល័យវេស្ទើន ការបញ្ចូននិស្សិតទៅសិក្សានៅប្រទេសចិន ក្នុងកម្មវិធី២បូក២ កម្មវិធីផ្លាស់ប្តូរនិស្សិត (Student Exchange Program) និងការផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តាមរយៈការសិក្សានៅសាកលវិទ្យាល័យវេស្ទើន។ បន្ថែមពីនេះ សាកលវិទ្យាល័យវេស្ទើន នឹងទទួលបានឱកាសបញ្ចូននិស្សិតទៅសិក្សាជំនាញកសិកម្ម ដើម្បីវិលត្រឡប់មកចូលរួមអភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជានាពេលអនាគត។

គួរបញ្ជាក់ថា សាកលវិទ្យាល័យវេស្ទើន ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ដោយលោកឧកញ៉ា តែ ឡូរិន។ បច្ចុប្បន្ន សាកលវិទ្យាល័យមួយនេះ មានបើកបង្រៀនសិស្សនិស្សិត ចាប់ពីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ រហូតដល់បណ្ឌិត ខណៈដែលថ្នាក់បរិញ្ញាបត្រ មានជំនាញជាច្រើនដូចជា ទេសចរណ៍និងសណ្ឋាគារ ភាសាអង់គ្លេសសម្រាប់ការបង្រៀន ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រង ទីផ្សារ គណនេយ្យ ហិរញ្ញវត្ថុនិងធនាគារ ច្បាប់ និងវិស្វករ៕
