អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC បានលើកឡើងថា លោកគ្មានពេលទំនេរទៅវាយកូនហ្គោល ដូចអ្នកមានដទៃនោះទេ ព្រោះលោកមានទំនួលខុសត្រូវធំណាស់ ដើម្បីជួយចិញ្ចឹមជីវិតបុគ្គលិករាប់ម៉ឺននាក់ និងជួយអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនជឿនលឿន។

តាមរយៈសម្រង់សម្តីពីក្រុមហ៊ុន OCIC អ្នកឧកញ៉ា ម្ចាស់ធនាគារ កាណាឌីយ៉ា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ធ្វើជាថៅកែគេ មេដឹកនាំគេ ត្រូវតែធ្វើជាគំរូល្អដល់ពួកគេ។ ខ្ញុំគ្មានពេលទំនេរវាយកូនហ្គោល ដូចអ្នកមានដទៃទេ សម្ពាយរបស់ខ្ញុំធ្ងន់ណាស់ សម្រាប់ចិញ្ចឹមបុគ្គលិកខ្ញុំជាង ១៤,០០០នាក់ និងសម្រាប់អភិវឌ្ឍប្រទេសជាតិខ្ញុំឱ្យជឿនលឿនដូចគេ ដូច្នេះខ្ញុំត្រូវតែប្រឹង”។

អ្នកឧកញ៉ា ពុង ឃាវសែ ត្រូវបានគេកត់សម្គាល់ឃើញថា ជាអ្នកជំនួញលេចធ្លោរមួយរូបនៅកម្ពុជា ដែលបានបង្កើតឱកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ និងអាជីវកម្មរបស់លោកលើវិស័យជាច្រើនដូចជា ការអភិវឌ្ឍន៍អចលនទ្រព្យ អចលនទ្រព្យ ការអប់រំ ការថែទាំសុខភាព បដិសណ្ឋារកិច្ច អាកាសយានដ្ឋាន សំណង់ និងវិស្វកម្ម ការលក់រាយ ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ជាដើម។ យ៉ាងណាមិញ គម្រោងធំៗជាច្រើនក្រុមហ៊ុនរបស់អ្នកឧកញ៉ា បានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរឡើង៕

