នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីរាជធានីភ្នំពេញ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន ហើយនេះជាដំណើរបំពេញទស្សនកិច្ចផ្លូវ ការលើកដំបូង ក្នុងនាមរាជរដ្ឋាភិបាលនីតកាលថ្មី ដែលបានបង្កើតឡើងជាផ្លូវការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
ដំណើរបំពេញទស្សនកិច្ចផ្លូវការ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនជាច្រើនរូបផងដែរ អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននាពេលនេះ។ ក្នុងនោះគេឃើញមានវត្តមាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, អ្នកឧកញ៉ា លឹម ហេង, អ្នកឧកញ៉ា លី ឃុនថៃ, អ្នកឧកញ៉ា ទុយ គី, អ្នកឧកញ៉ា ឡាវ កាង, លោកស្រីអ្នកឧកញ៉ា ចាន់ សុទ្ធា ដែលជា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកស្រីឧកញ៉ា ងួន ពេជ្រសុផល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន, ជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ ហើយសម្តេចធិបតីក៏នឹងអញ្ជើញចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ ពីថ្ងៃទី១៦ ដល់១៧ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ីផងដែរ៕