លោកឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 យល់ថា ការត្រាំទឹកកកក្នុងពាងខ្មែរ គឺផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ហើយលោកតែងធ្វើជាប្រចាំ អស់រយៈពេលប្រមាណ ៣ឆ្នាំមកហើយ។
ឧកញ៉ា យឹម តាស្រង់ បានបញ្ជាក់ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃពុធ ដោយបង្ហោះរូបភាពត្រាំទឹកកក ភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា៖ “ត្រាំទឹកកកក្នុងពាងខ្មែរ។ ខ្ញុំត្រាំ៣ឆ្នាំហើយ សារពាង្គកាយស៊ាំជាមួយទឹកកកហើយ វាមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ជាពិសេសបង្វឹកចិត្តឱ្យចេះទ្រាំ-អត់ធ្មត់”។ លោកឧកញ៉ា បានបន្ថែមថា លោកត្រាំម្តងចំនួន១៥នាទី ដោយត្រូវការទឹកកកអនាម័យចំនួន ៤បេដាក់ក្នុងទឹកពាង រីឯសម្រាប់អ្នកត្រាំដំបូង អាចដាក់ទឹកកកត្រឹម២ឬ៣បេក៏បាន។
ទាក់ទងនឹងអត្ថប្រយោជន៍នៃការត្រាំទឹកកកនេះ លោក ថោង ដា ប្រធានក្រុមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ធ្លាប់បានបង្ហើបឱ្យដឹងផងដែរថា ការត្រាំទឹកកក ពិតជាអាចជួយស្រួលដល់សាច់ដុំ ព្យាបាលសាច់ដុំនៅពេលយើងធ្វើការនឿយហត់ ឬថ្ងៃណាដែលយើងធ្វើការងារធ្ងន់ អាចត្រាំទឹកកកបាន ដើម្បីជួយសម្រួលសរសៃសាច់ដុំ និងជួយបណ្តេញជាតិអាស៊ីតចេញពីសាច់ដុំផងដែរ។ លោកបន្តថា ជាទូទៅ គេត្រាំរយៈពេល ៨នាទី ទៅដល់ ១២នាទីឬ១៥នាទី៕