ឧកញ៉ា តែ ប៉រហុង ចុះ MOU ជាមួយក្រុមហ៊ុនជប៉ុន វិនិយោគរួមគ្នាលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា តែ ប៉រហុង ម្ចាស់ភាគទុនិកតំណាងឱ្យក្រុមហ៊ុន TTP Groups Cambodia ​កាលពី​រសៀល​ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សា​ជាមួយ លោក Kasunori Kato អគ្គនាយកក្រុមហ៊ុន ILBRiLLE Co.,Ltd និង​បាន​ចុះ​អនុស្សរណៈយោគយល់​គ្នា​ ស្តី​ពីការវិនិយោគទុនរួមគ្នាលើវិស័យ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ ដោយផ្តោតលើការតុបតែង និងកែសម្ជស្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធី​ចុះ​អនុស្សរណៈយោគយល់​គ្នា​នេះ​ បាន​ធ្វើ​ឡើង​​​នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន TTP Groups Cambodia អាគារលេខ ១៦៨តេ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុង​ឱកាស​នោះ​ដែរ លោកឧកញ៉ា តែ ប៉រហុង ក៏​បានជួបពិភាក្សាជាមួយលោក​ តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki​) ប្រធានសមាគមជប៉ុនកម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក Kasunori Kato អគ្គនាយកក្រុមហ៊ុន ILBRiLLE Co.,Ltd និង​មានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ពី លោក​ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម​កម្ពុជា បានចុះអនុស្សារណៈ​យោគយល់​គ្នា ស្តីអំពីការវិនិយោគទុនរួមគ្នាលើវិស័យ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើការ​តុបតែង និងកែសម្ជស្ស រវាងក្រុមហ៊ុន TTP Groups Cambodia និងក្រុមហ៊ុន ILBRiLLE Co.,Ltd។

លោក Kasunori Kato បានមានមតិសំណេះសំណាល និងលើកឡើងថា លោក​ពិតជាមានសេចក្តី​សោមនស្ស រីករាយ​ណាស់ ​ដែលបានសហការជាមួយ​ក្រុមហ៊ុន TTP Groups Cambodia ដោយ​លោកមានចំណាប់​អារម្មណ៍​លើវិស័យសំខាន់ៗពីរគឺ៖ ១.ការផលិតទំនិញ​កែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និង​បច្ចេកទេស​ទំនើបជប៉ុន និង ២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

ជាចុងក្រោយ លោក​ តាកាហាស៊ី ហ្វូមីអាគី សូម​កោតសរសើរ និងវាយតម្លៃខ្ពស់អំពីការសហការនេះ ដែល​ឆ្លុះ​បញ្ចាំងឱ្យ​ឃើញថា ពិតជាមានភាពទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង​ភាគីទាំងពីរ។ ជាមួយ​គ្នា​នោះ លោក​ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សា​ភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម​កម្ពុជា និង​លោកឧកញ៉ា តែ ប៉រហុង ម្ចាស់ភាគទុនិកតំណាងឱ្យក្រុមហ៊ុន TTP Groups Cambodia ក៏បានថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ​កិច្ចសហការជាមួយក្រុមហ៊ុនវិនិយោគទុនក្រុមហ៊ុន ILBRiLLE Co.,Ltd នេះផងដែរ៕