លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប និងជាប្រធានសមាគមជាងសំណង់កម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បាននាំយកអំណោយមួយចំនួន ទៅប្រគល់ជូនអតីតជាងសំណង់មួយរូប ដែលបានជួបគ្រោះថ្នាក់ក្នុងការដ្ឋាន រហូតធ្លាក់ខ្លួនពិការ រយៈពេលជាង ២ឆ្នាំមកហើយ។

អតីតមេជាងសំណង់ ដែលជួបគ្រោះថ្នាក់ក្នុងការដ្ឋានធ្វើឱ្យពិការភាព ដើរមិនរួច បច្ចុប្បន្នរស់នៅឃុំចម្បារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ដោយឃើញពីភាពលំបាកនេះ លោកឧកញ៉ា ហ៊ួត ជា បានយកអំណោយពីមូលនិធិឧកញ៉ាហ៊ួតជា ផ្តល់ជូនថវិកាចំនួន ៥០០,០០០រៀល រួមទាំងអង្ករ មី ទឹកត្រី និងទឹកស៊ីអ៊ីវ ជូនដល់អតីតជាងរូបនេះ។
ឧកញ៉ា ហ៊ួត ជា បានឱ្យដឹងថា ក្រុមហ៊ុនហ៊ួតជា ឬសមាគមជាងសំណង់កម្ពុជា ដែលបង្កើតឡើងដោយរូបលោកផ្ទាល់ មិនបានទុកជាងឱ្យនៅឯការនោះទេ ពេលដែលមានពិការភាព។ ទាំងនេះ គឺដោយសារគោលការណ៍ដកប្រាក់ ២% ជួយដល់សង្គម ទើបបង្កើតបានមូលនិធិឧកញ៉ាហ៊ួតជា ហើយបន្ទាប់មកបានជួយដល់ជាងជាច្រើននាក់ ដែលជួបគ្រោះថ្នាក់នៅការដ្ឋានសំណង់ដូចជា ឆក់ខ្សែភ្លើង រងរបួសពិការលើផ្នែកអ្វីមួយ ឬរងគ្រោះរហូតដល់ស្លាប់។

លោកឧកញ៉ា ហ៊ួត ជា បានសម្តែងការសោកស្តាយខ្លាំងមែនទែន ដែលឃើញមេជាងសំណង់ធ្លាប់មានចំណូលប្រចាំខែ បែរធ្លាក់ខ្លួនពិការភាពដូចនេះ។ លោកឧកញ៉ា ក៏សូមឱ្យបងប្អូនជាងសំណង់ទាំងអស់ ឬអ្នកដែលប្រកបការងារសំណង់ សូមបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះបើយើងធ្វេសប្រហែសតែបន្តិច ឬចៃដន្យតែបន្តិច គឺអាចនឹងមានគ្រោះថ្នាក់បាន៕