ឧកញ៉ា ណាង សុធី៖ ការប្រជុំប្រាក់ឈ្នួលអាណត្តិទី៣ លើកទី៥នេះ ភាគីនិយោជកបានស្នើតួលេខ ២០១.៥ ដុល្លារ គឺជាជំហរចុងក្រោយហើយ

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

ការប្រជុំប្រាក់ឈ្នួលអាណត្តិទី៣ លើកទី៥ ស្ដីពីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នេះ មិនទាន់សម្រេចនៅឡើយទេ ខណៈភាគីនិយោជកដាក់តួលេខ២០១.៥ដុល្លារ ភាគីសហជីពបានស្នើតួលេខ២ ទី១តួលេខ ២០៤ដុល្លារ និងទី២ តួលេខ២១៣ដុល្លារ ចំណែកភាគីរាជរដ្ឋាភិបាលបញ្ចេញតួលេខជាផ្លូវការចំនួន២០២ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក បានលើកឡើងថា ការប្រជុំប្រាក់ឈ្នួលអាណត្តិទី៣ លើកទី៥នេះ ភាគីនិយោជកបានស្នើតួលេខ ២០១.៥ ដុល្លារ ដោយនេះគឺជាជំហរចុងក្រោយហើយ។

លោកឧកញ៉ា បានបង្ហាញក្ដីសង្ឃឹមថា ការប្រជុំប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៤ និយោជកនឹងទទួលបានជ័យជម្នះយ៉ាងពិតប្រាកដ ព្រោះថា ការចរចាប្រាក់ឈ្នួល២០ឆ្នាំកន្លងមក ក៏ដូចជាការចរចារលើកនេះ គឺតួលេខរបស់និយោជកតែងតែខិតទៅរកតួលេខរបស់រដ្ឋាភិបាលដាក់ចេញដាក់ចេញជានិច្ច ដោយហេតុថា តួលេខរបស់រដ្ឋាភិបាល ក៏ដូចជានិយោជកមុននឹងដាក់ចេញគឺបានគិតគូរយ៉ាងល្អិតល្អន់ខ្លាំងណាស់។

លោកឧកញ៉ាថា ភាគីនិយោជកមិនអាចមានតួលេខណាមួយតម្លើងកើតទៀតនោះទេ ដោយតួលេខ២០០ដុល្លារ ដាក់អនុវត្តនៅឆ្នាំ២០២៣រួចហើយ ចំណែកឆ្នាំ២០២៤ខាងមុខរងចាំការសម្រេចរបស់រដ្ឋាភិបាលយ៉ាងណា និយោជកនឹងធ្វើការបត់បែនទៅតាមនឹងបន្តទៀត។


 ជាមួយគ្នានេះលោកឧកញ៉ាថា  «បច្ចុប្បន្ននេះ និយោជកកំពុងមានបញ្ហាប្រឈមតែមួយទេ គឺភ័ស្តភារកម្មឡូជីស្ទិច ដែលឥឡូវនេះ  ភាគីនិយោជកបានស្នើទៅខាងរដ្ឋាភិបាល ដើម្បីធ្វើការសម្រួលចុះបាន៣៥%នៃកញ្ចប់ដែលបង់រាល់ថ្ងៃ ។ ការស្នើសុំបញ្ហានេះ ព្រោះតែវាបានផ្ដល់ផលល្អ លើការពិភាក្សានៅឆ្នាំ២០២៥ ពីព្រោះពេលវេលានៅសល់តែប៉ុន្មានខែទៀតទេ ពោលគឺសល់តែ៩ខែទៀត នឹងដល់ពេលត្រូវពិភាក្សាប្រាក់ឈ្នួលនៅឆ្នាំ២០២៥ហើយ ដែលការណ៍នេះ ប្រសិនបើរដ្ឋាភិបាលជួយសម្រួលបាន វានឹងអំណោយផលដល់ការពិភាក្សានៅឆ្នាំក្រោយៗទៀត ជាក់ស្ដែងគឺឆ្នាំ២០២៥តែម្ដង។

ជាការឆ្លើយតាមសំណើរនិយោជកនេះ ឧកញ៉ា ណាង សុធី សង្ឃឹមថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខ នេះ ដែលជាវេទិការរវាងរដ្ឋាភិបាលនិងនិយោជក រដ្ឋាភិបាលនឹងឆ្លើយនៅសំណើរនេះ។

សូមជម្រាបជូនផងដែរថា ការប្រជុំប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នឹងធ្វើការប្រជុំសម្រេចជាលើកចុងក្រោយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕

អត្ថបទ៖ សុកធា